សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការពារជាតិនៃប្រទេសបេឡារុសបានឱ្យដឹងថា អង្គភាពយោធាមួយរបស់ខ្លួនបានធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសរុស្ស៉ីវិញហើយនៅថ្ងៃសៅរ៍ ទី២២ ខែមេសា បន្ទាប់ពីពួកគេបញ្ចប់ការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីល Iskander ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូបាន។
ក្រសួងការពារជាតិបេឡារុស
បានប្រកាសបន្ទាប់ពីប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក្រោយពីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ជាការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលរបស់អង្គការ NATO មកទិសខាងកើត និងជាសារព្រមានមួយទៅកាន់បក្សសម្ព័ន្ធយោធាមួយនេះដែលកំពុងផ្ដល់អាវុធឱ្យអ៊ុយក្រែន។
កាលពីដើមខែកុម្ភៈកន្លងទៅ បេឡារុសបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបាននិងកំពុងគ្រប់គ្រងដោយខ្លួនឯងនូវប្រព័ន្ធមីស៊ីល Iskander ដែលរុស្ស៉ីបានផ្ដល់ឱ្យរួចទៅហើយនោះ។ ប៉ុន្តែក្រោយមក នៅពេលកងអង្គភាពត្រូវបានបញ្ជូនទៅកាន់រុស្ស៉ីកាលពីថ្ងៃទី៤ ខែមេសា សម្រាប់ការបណ្ដុះបណ្ដាលបន្ថែម ទីក្រុងមីនស្កិ៍បានបញ្ជាក់ច្បាស់ៗថា ការបណ្ដុះបណ្ដាលនេះនឹងរួមមានបញ្ចូលទាំងការថែទាំនិងរបៀបប្រើក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកដែលបំពាក់លើមីស៊ីល Iskander។
រុស្ស៉ីមិនបានផ្ដល់កាលបរិច្ឆេទជាក់លាក់ពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុសនោះទេ តែលោកពូទីន ធ្លាប់បង្ហើបថា ការសាងសង់កន្លែង សម្រាប់ស្ដុកទុកអាវុធនេះ អាចនឹងត្រូវបញ្ចប់រួចរាល់នៅដើមខែកក្កដាខាងមុខនេះ។ នេះនឹងក្លាយជាលើកដំបូងបំផុតដែលរុស្ស៉ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្រៅប្រទេស ចាប់តាំងពីសហភាពសូវៀតរលំរលាយក្នុងឆ្នាំ១៩៩១មក៕ ដោយធីរីណា
រូបថត : AP