បញ្ជូនខ្លួនជំនួយការឧកញ៉ាម្នាក់ ទៅតុលាការ ករណីស៊ីដាច់លុយរត់ការដោះលែងជនជាតិចិន៣នាក់ ជាប់ពាក់ព័ន្ធលេងល្បែងអនឡាញ​​

ចែករំលែក៖

ភ្នំពេញ ៖ ជំនួយការលោកឧកញ៉ាម្នាក់ កាលពីរៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីស៊ីដាច់លុយចំនួន ១៥ ០០០ ដុល្លារអាមេរិក យកទៅរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ.ល្បែងស៊ីសងអនឡាញខុសច្បាប់ ។

ជនសង្ស័យឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ លក់ផ្កា និងជាជំនួយការលោកឧកញ៉ាម្នាក់ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សំណុំរឿងខាងលើនេះបានស្ថិតនៅលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ 

អង្គហេតុក្នុងសំណុំរឿងនេះត្រូវបានគេដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានអះអាងថា ខ្លួនជាជំនួយការលោកឧកញ៉ាម្នាក់ អាចដោះស្រាយស្រាយជនជាតិចិន៣ នាក់ ដែលត្រូវសមត្តកិច្ចចាប់ខ្លួនពាក់ពន្ធករណីលេងល្បែងស៊ីសងអនឡាញដោយខុសច្បាប់ ឲ្យរួចផុតពីការឃាត់ខ្លួន និងជួយពួកគេ”ជនជាតិចិន៣នាក់”ដែលមកស្នាក់ នៅក្នុងប្រទេសកម្ពុជាខុសច្បាប់នោះ ឲ្យបានស្របច្បាប់ទៀតផង ។ ដោយមានការជឿទុកចិត្តជំនួយការលោកឧកញ៉ានោះ ភាគីខាងដើមបណ្តឹបានប្រគល់លុយម្នាក់ ៥ ០០០ ដុល្លារអាមេរិកស្មើ ១៥ ០០០ ដុល្លារ ឲ្យទៅជនសង្ស័យ ដើម្បីយកទៅរត់ការដោះលែងចិនដែលសមត្ថកិច្ចចាប់ខ្លួន ។ 

ក្នុងពេលភាគីទាំងពីបានប្រគល់និងទទួលប្រាក់ ១៥ ០០០ ដុល្លារនោះ ជនសង្ស័យបានធ្វើកិច្ច សន្យា បើសិនរត់ការក្នុងរយៈពេលមួយសប្តាហ៍​ មិនបានសម្រេចទេ គេនិងប្រគល់ប្រាក់ឲ្យគ្រប់ចំនួនវិញ ហើយដើម្បីឲ្យមានភាពស្មោះត្រង់ជាមួយគ្នា ជនសង្ស័យបានចេញមូលប្បទានប័ត្រ “សែក”មួយសន្លឹកឲ្យទៅភាគីដើមបណ្តឹង ។ ទីបំផុតពេលបានប្រាក់ដល់ដៃហើយ ជនសង្ស័យមិនគោរពតាមកិច្ចសន្យានោះទេ ពោលគឺមិនអាចមានលទ្ធភាពទៅដោះលែងចិន៣ នោះបាន ក៏ស៊ីដាច់លុយ ១៥ ០០០ ដុល្លារអាមេរិក រួមទាំងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ទៀតផង ។ 

នៅដំណាក់កាលស៊ើបសួរទាំងសមត្តកិច្ច និងអយ្យការ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាទទួលរងការចោទប្រកាន់នោះមែន តែលុយទាំងអស់គឺបានឲ្យមនុស្សម្នាក់ទៀត យកទៅធ្វើកិច្ចការនេះដោយមិនបានជោគជ័យ ទើបត្រូវម្ចាស់លុយគេប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួននោះ ។ ដូចច្នេះមកដល់ពេលនេះជនសង្ស័យបើសិនគ្មានប្រាក់ដាក់តំកល់ធានាខ្លួនទេ កុំសង្ឃឹមបានទៅជួបជុំប្រពន្ធកូនវិញឡើយ អាចទៅសម្រាណនៅពន្ធនាគារមួយរយៈ ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print