ភ្នំពេញ៖ តារាសម្តែងដែលទើបនឹងស្ងប់ស្ងាត់រឿងរ៉ាវស៊ិចស៊ីនោះ ក៏ទទួលបានដំណែងជាតួសំខាន់មួយក្នុងខ្សែភាពយន្តបែបកំប្លែងភ័យរន្ធត់ក្នុងរឿង «ផ្ទះចិញ្ចឹមខ្មោច» របស់ផលិតកម្ម «Wonder Film Cambodia»។
វត្តមានសម្តែងក្នុងខ្សែភាពយន្តខាងលើត្រូវបានគេដឹងថា មានតារាកំប្លែងនាយគ្រឿន, លោក BIG, លោក Pey Pey Dy, កញ្ញា ដេនីក្វាន់, លោក Cool Sool, លោកគឹម សាន, កញ្ញា លីងលីង និងតារាសម្តែងច្រើនរូបទៀត។ ដេនីក្វាន់ នឹងត្រូវសម្តែងក្នុងខ្សែភាពយន្តថ្មីនេះដែលនឹងអាចទទួលបានការចាប់អារម្មណ៍ច្រើន បើទោះបីជាថ្មីៗនេះនាងជំពប់ដោយរឿងអាស្រូវក៏ដោយ។
ដេនីក្វាន់ និយាយថា មួយរយៈចុងក្រោយនេះនាងមិនជាមមាញឹកនឹងការងារសិល្បៈទេគឺមានតែការងារជំនួញមួយចំនួនដែលត្រូវបំពេញ។ នាងបញ្ជាក់ថាខ្សែភាពយន្ត «ផ្ទះចិញ្ចឹមខ្មោច» នឹងក្លាយជាខ្សែភាពយន្តខ្នាតធំដំបូងដែលនាងបានចូលរួមសម្តែងខណៈដែលកន្លងមកនាងធ្លាប់តែសម្តែងតែក្នុងបទចម្រៀងខារ៉ាអូខេ និងខ្សែភាពយន្តភាគតែប៉ុណ្ណោះ។ ទោះជាយ៉ាងណានាងនឹងខិតខំសម្តែងឲ្យអស់ពីលទ្ធភាពភាព។ នាងបញ្ជាក់ដែរថា ក្នុងខ្សែភាពយន្តខាងលើនាងសម្តែងជាតួស្រីដែលមានចរិកអង់អាចក្លាហាន មិនខ្លាចខ្មោចបិសាចអ្វីនោះទេ។ នាងបន្តថា នឹងមិនមានឈុតឆាកសិចស៊ីណាមួយនោះទេនៅក្នុងខ្សែភាពយន្តនេះ ហើយនាងរំពឹងថា បញ្ហាមួយចំនួនដែលកើតមានកន្លងមកនឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព និងការសម្តែងក្នុងខ្សែភាពយន្តនេះនោះទេ។
ដេននី ខ្វាន់ និយាយថា
ហ៊ានដោះប៊ីគីនីចេញទៀតបើលុយដល់
តារាសម្ដែងជើងចាស់លោក សែម វិសាល និងជាចាងហ្វាងផលិតកម្ម «Wonder Film Cambodia» ភាពយន្តបានបញ្ជាក់ថា នេះជារឿងទី២ ដែលលោកផលិតឡើងបន្ទាប់ពីរឿង «ប្រាសាទអាថ៌កំបាំង» ដែលលោកផលិតក្នុងន័យស្ទាបស្ទង់ទីផ្សារត្រូវបានមហាជនភាគច្រើនទទួលស្គាល់។ លោក បញ្ជាក់ថា រឿងនេះគ្រោងចំណាយទុនអស់ច្រើន ដោយសារតែសាច់រឿងទាំងមូលមានពាក់ព័ន្ធអាថាន់ និងតម្រូវឲ្យរៀបចំដេគ័រថ្មីសុទ្ធសាធ ដើម្បីឲ្យមើលទៅមានលក្ខណៈជាឈុតឆាកពាក់ព័ន្ធនិងខ្មោច។ រឿងនេះប្រកាសផលិតរយៈពេល៦ខែ ដោយការដាក់បញ្ចាំងជាផ្លូវការអាចនៅចុងឆ្នាំខាងមុខ ឬឈានដល់ដើមឆ្នាំ២០១៧ ។
លោកាបន្តថា ខ្លួនរំពឹងពីទំហំជោគជ័យសម្រាប់រឿងនេះដោយសារតែរឿងនេះជារឿងដែលលោក និងក្រុមការងារនិពន្ធផ្ទាល់មិនចម្លងពីបរទេស ហើយតារាសម្ដែងដែលចូលសម្ដែងដោយតារាល្បីៗ។ ជុំវិញការជ្រើសរើសតារាសម្តែងដេនីក្វាន់ មកសម្តែងជាតួអង្គសំខាន់មួយក្នុងខ្សែភាពយន្តខាងវិញលោកបញ្ជាក់ថា ការទាក់ទងនាងឲ្យចូលរួមសម្តែងគឺកើតឡើងមុនពេលនាងផ្ទុះរឿងរ៉ាវចម្រូងចម្រាសនេះ។ ទោះជាយ៉ាងណាលោកមិនមានការព្រួយបារម្ភអំពីការរឿងរ៉ាវកន្លងមកធ្វើឲ្យខ្សែភាពយន្តនេះធ្លាក់ចេញពីការគាំទ្រនោះទេ ព្រោះវាគឺជារឿងពីរផ្សេងពីគ្នា។ អ្វីដែលសំខាន់គឺលោកនឹងបង្កើនការព្យាយាមផលិតឲ្យអស់ពីលទ្ធភាពទាំងផ្នែកបច្ចេកទេស និងការដឹកនាំផលិតផងដែរ ដើម្បីឲ្យប្រាកដថាវាគឺជាខ្សែភាពយន្តដែលប្លែកពីខ្សែភាពយន្តខ្មែរដទៃ៕
ដោយ៖ វឌ្ឍនា