ភ្នំពេញ៖ មិនទាន់នឹងស្ងប់រឿងរូបថតសិចស៊ីុជាច្រើនសន្លឹកផងតារាសម្តែងស្រីដេននីក្វាន់ព្រលយថា នាងអាចនឹងហ៊ានសិចស៊ីុហួសជាងនេះទៀតប្រសិនបើការសម្តែងណាមួយតម្រូវឲ្យនាងធ្វើ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយរូបភាពលំហែអារម្មណ៍ក្បែរមាត់សមុទ្រដែលបិទបាំងតែកេរិ៍ភេទដូចស្រីអ៊ឺរ៉ុបរបស់នាងផ្ទុះចេញការរិះគន់ជាហូរហែរកាលពីថ្មីៗនេះ។
ថ្មីៗនេះរូបថតបង្ហាញដងខ្លួនដ៏ស្រលូនជាច្រើនសន្លឹកជាមួយនឹងឈុតប៊ីគីនីបិទបាំងតែកេរ្តិ៍ម៉ែលើក្រោមបន្តិចគ្រាដែលនាងចេញទៅសម្តែងនៅលើកោះទន្សាយធ្វើឲ្យបុរសៗជាច្រើនឃើញហើយតែងសង្គ្រឺតធ្មេញខ្នាញ់រូបសម្ផស្សសិចស៊ីុនេះ។
ស្របគ្នានឹងការសរសើរពីរូបរាងស្រឡូនស្អាតនេះក៏មានក្រុមអ្នករិះគន់ជាច្រើនបានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗថានាងជាអ្នកបំផ្លាញសិល្បៈនិងប្រពៃណីជាតិខ្មែរហើយនាងធ្វើខ្លួនលើសពីអ្នកសិល្បៈអាជីព។
មានអ្នកបញ្ចេញយោបល់ជាច្រើនជាមួយនឹងរូបថតពីរឈុតឈរអេនអនមាត់សមុទ្រ។ អ្នករិះគន់នឹងរូបថតនាងម្នាក់លើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «វប្បធម៌ខ្មែរធ្លាក់ចុះដោយសារស្រីរបៀបនេះឯង»។ អ្នកលេងម្នាក់ផ្សេងទៀតលើកឡើងថា «មួយថ្ងៃៗធ្វើខ្លួនកែសម្ផស្សថតរូបបង្អូតសាច់បានអីមកវិញ? ស្អាតហើយតែសូមរៀបកិរិយាមាយាទអោយស្អាតដូចរូបផងទៅកុំហួសហេតុពេក …»។ នៅមានពាក្យរិះគន់និងមាក់ងាយជាច្រើនទៀតបានបាញ់ស្រោចទៅលើតារាសម្តែងរូបនេះរួមមានទាំងមានបុរសខ្លះហ៊ានសួរតម្លៃខ្លួននាងប៉ុន្មានក្នុងការបានគេងជាមួយនាងផងដែរ។ ទោះមានលេចចេញការរិះគន់ចាក់ស្រោចមកលើនាងក្តីក៏ស្រីស្រស់ ដេន នី ដែលមានឈ្មោះពិត ឆោម ខ្វាន់ បញ្ជាក់ថា នាងមិនខ្វល់នឹងពាក្យរិះគន់ទាំងប៉ុន្មាននោះទេ។ មិនខ្វល់ព្រោះនាងយល់ថា មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្រាបានឡើយហើយរូបថតទាំងនោះស្ថិតក្នុងលក្ខណៈសិល្បៈហើយជាឈុតដែលនាងស្លៀកសម្រាប់ងូតទឹកសមុទ្រមិនមែនជាឈុតដែលនាងស្លៀកហើយដើរចូលក្នុងផ្សារឡើយ។
ដេននី ខ្វាន់ ឌឺដងទៅអ្នករិះគន់នាងថាឬចង់ឲ្យនាងស្លៀកក្បិនហូលផាមួងទៅងូតទឹកសមុទ្រអ្នករិះគន់ប្រហែលជាមិនធ្លាប់ទៅសមុទ្រទេមើលទៅ។ក្រៅពីរិះគន់បែបចំអន់តារាស្រីទើបនឹងលេចមុខក្នុងរូបភាពជាអ្នកសិល្បៈបែបសិចស៊ីរូបនេះលើកឡើងថានាងនឹងអាចសម្តែងឬស្លៀកពាក់សិចស៊ីុជាងនេះទៀតប្រសិនបើតម្រូវឲ្យមានការថតបែបនេះ ឬឲ្យតម្លៃខ្លួននៃការថតខ្ពស់នោះ។
ទោះជាយ៉ាងណាគេសង្កេតឃើញថាការបង្ហាញភាពស៊ិចស៊ីុរបស់តារាសម្តែងដេនីខ្វាន់បានបង្កើនកម្តៅការរិះគន់កាន់តែខ្លាំងពីសំណាក់មហាជនពិសេសក្រោយពីនាងចេញមុខក្នុងវីដេអូឃ្លីបវាយបកយ៉ាងចាស់ដៃទៅលើអ្នករិះគន់នាង។
លោក សុះម៉ាច ប្រធានសមាគមសិល្បករខ្មែរមិនបានអធិប្បាយច្រើនជុំវិញបញ្ហានេះទេ ប៉ុន្តែលោកបញ្ជាក់ថាដេននីខ្វាន់មិនមានឈ្មោះក្នុងបញ្ជីជាសមាជិកសមាគមសិល្បករខ្មែរឡើយ។ ទោះជាយ៉ាងណាលោកលើកឡើងដោយខ្លីថា ការស្លៀកពាក់យ៉ាងណាគឺជាសិទ្ធិរបស់បុគ្គលប៉ុន្តែក្នុងនាមជាអ្នកសិល្បៈគួរដឹងអំពីដែនកំណត់នៃការស្លៀកពាក់ជៀសវាងការិះគន់ខ្លាំងពីមហាជនពិសេសមិនប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេសុំការបំភ្លឺពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះកាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដោយទូរស័ព្ទត្រូវបានបិទ។ ដោយឡែកលោកថៃ នរះសត្យា អ្នកនាំពាក្យក្រសួងក៏មិនអាចទាក់ទងបាន ដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ ប៉ុន្តែករណីនេះកំពុងរងនៅការរិះគន់វាយប្រហារ ទៅលើតារ៉ារូបនេះយ៉ាងធ្ងន់ៗ ថាមិនបានលើកមុខលើកមាត់ អរិយធម៌ និងវប្បធម៌ សេចក្តីថ្លៃថ្នូរ ចរិយាមាយទដ៏ប្រពៃរបស់ស្ត្រីខ្មែរនោះឡើយ៕
ដោយ៖ វឌ្ឍនា