សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនជនជាតិប៉េរូចំនួន២នាក់ ករណីបន្លំលួចលុយ ភ្ញៀវទេសចរជនជាតិថៃម្នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនជនជាតិប៉េរូចំនួន២នាក់ជាបណ្ដោះអាសន្ន ខណៈចូលមកស្នាក់នៅខេត្តសៀមរាប ហើយឆ្លៀតឱកាសចូលទៅភោជនីយ ដ្ឋាន នៃសណ្ឋាគារ «តារាអង្គរ» បន្លំលួចលុយភ្ញៀវទេសចរជនជាតិថៃម្នាក់ ដោយត្រូវបានតុលាការចោទពីបទអំពើលួច (ទ្រព្យសម្បត្តិ) ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ជនសង្ស័យ២ នាក់ ភេទប្រុស បានបន្លំខ្លួនធ្វើជាភ្ញៀវចូលទៅក្នុងភោជនីយដ្ឋាន នៃសណ្ឋាគារ «តារាអង្គរ» ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ហើយឆ្លៀតពេលជនរងគ្រោះដើរទៅយកម្ហូបអាហារ ក្រុមជនសង្ស័យនេះក៏ធ្វើ សកម្មភាពលួចយកកាបូប ស្ពាយពណ៌ខ្មៅ របស់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាននៅចំណុចបរិវេណផ្ទះសំណាក់យីហោ «អ៊ុន ពិសិដ្ឋ» ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រួមនឹងវត្ថុតាងមួយចំនួន រួមមាន ៖ លិខិតឆ្លងដែន(ជនរងគ្រោះ)១ក្បាល, អាយផេតប្រូ ១គ្រឿង, កាបូបលុយ០១, ប្រាក់ដុល្លារ ចំនួន ៤៨០ដុល្លារ, កាតធនាគារ០២សន្លឹក, ប័ណ្ណបើកបរ ០១សន្លឹក, ខ្សែដៃលោហៈធាតុពណ៌ទង់ដែង ០១ខ្សែ, ក្រវិលលោហៈធាតុពណ៌ទង់ដែង០៦គូ និងអ៊ែផតប្រូ០១គ្រឿង។

ជនសង្ស័យទាំង២នាក់នេះមាន ១- ឈ្មោះ RIOS VELAZCO CESAR GUIL LERMO ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិប៉េរូ (ជាភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងចូលមកស្នាក់នៅផ្ទះសំណាក់ «អ៊ុន ពិសិដ្ឋ» បន្ទប់លេខ ២០២ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង -ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣) និង២- ឈ្មោះ YAURI BELAONIA CESAR LUIS ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិប៉េរូ (ជាភ្ញៀវទេសចរចូលមកកម្ពុជាកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងចូលមកស្នាក់នៅផ្ទះ សំណាក់ «អ៊ុន ពិសិដ្ឋ» បន្ទប់លេខ ២០២ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង- ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣)។

មន្ត្រីនគរបាលខេត្តសៀមរាបបញ្ជាក់ថា ចំណែកជនរងគ្រោះមានឈ្មោះ RAPHIPHAN WARAVUT ភេទប្រុស អាយុ៦៦ឆ្នាំ ជាជនជាតិថៃ មុខរបរប្រធានផ្នែកក្រុមហ៊ុនសេវាកម្មចរាចរណ៍ដែនអាកាសកម្ពុជា ស្នាក់នៅសណ្ឋាគារ «តារាអង្គរ» ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសាលាដំបូងសម្រេចឃុំបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ចំណែកវត្ថុតាងដែលជនសង្ស័យលួចបាននោះ សមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះវិញហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print