ភ្នំពេញ : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ( ស.ស.ស.ក) នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានលើកយកពី វិស័យព័ត៌មាន មកនិយាយ ខណៈទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣០ ឆ្នាំ២០២៣ ជិតមកដល់ខាងមុខនេះ។
លោក ហ៊ុយ វណ្ណៈ បានថ្លែងថា : «ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣០ ឆ្នាំ២០២៣» នឹងប្រារព្ធធ្វើនៅសប្តាហ៍ក្រោយ។ រឿងមួយដែលខ្ញុំគួរតែនិយាយ សហគមន៍សាព័ត៌មាននៅប្រទេសកម្ពុជាយើង បើថាច្រើនក៏បាន ថាតិចក៏បាន ប៉ុន្តែមិនធំណាស់ណាទេ ក្នុងរង្វង់២ពាន់ទៅ៤ពាន់ប៉ុណ្ណោះ។ ការរអៀសចិត្តរបស់ខ្ញុំនៅត្រង់ថា ក្នុងចំណោមសហគមន៍មួយនេះ មិនគួរប្រឹងបែងចែកគ្នា ម្ខាងសារព័ត៌មានសេរី ម្ខាងសារព័ត៌មានឯករាជ្យ ឬជាយ៉ាងនេះ ឬក៏ជាយ៉ាងនោះទេ។ ផ្ទុយទៅវិញ ការប្រឹងបែងចែករបៀបនេះ គឺវាបង្កើតត្រឹមលទ្ធផលនៃការរើសអើង និងភាពជ្រុលនិយមតែប៉ុណ្ណោះ។ ខ្លះជ្រុលនិយម សូម្បីតែតួនាទីរដ្ឋមួយ ស្ទើតែមិនស្មើខ្លួន។ តើយើងយកអ្វីទៅវាស់ ដើម្បីធ្វើការប្រៀបធៀបបែបក្រអឺតក្រទមនេះ? កិច្ចសហការពីគ្រប់តួអង្គសង្គម ដើម្បីទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ជាគោលការណ៍ការងារផង ហើយក៏ត្រូវបានបង្រៀននៅក្នុងមេរៀនកាសែត និងក្រមសីលធម៌ផងដែរ អំពីការកសាងប្រភព។ អ្នកសារព័ត៌មាន គឺជាអ្នកសារព័ត៌មាន។ កិច្ចការចម្បងរបស់សារព័ត៌មាន គឺផ្តល់ព័ត៌មានដែលពិត ជូនសាធារណៈជន។ តម្លៃសារព័ត៌មានគឺនៅត្រង់នេះ អត់មានអ្វីលើសពីនេះទេ។ បច្ចុប្បន្ននេះទៀតសោត ប្រជាជនកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ដំណឹង និងព័ត៌មាន នៅក្នុងល្បឿនដ៏លឿនរួចទៅហើយ។ សារព័ត៌មាន មិនត្រូវសម្លាប់ខ្លួនឯង ដោយសារតែភាពជ្រុលនិយមនោះទេ៕
ដោយ : សុខ ខេមរា