ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យច្រាំងទន្លេបាសាក់ ដែលបាក់ស្រុតនៅស្រុកស្អាង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល÷លោក ម៉ៅ ហាក់ ប្រធានក្រុមការងារទប់ស្កាត់និងជួសជុលច្រាំងទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣ថា ករណីបាក់ស្រុតច្រាំងទន្លេបាសាក់នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយស្រុកស្អាងខេត្ត កណ្តាលកាលថ្ងៃទី២៤ខែមេសានោះក្រុមការងាររបស់លោកបានចុះទៅពិនិត្យហើយនៅថ្ងៃនេះ (២៥មេសា) តែមិនទាន់មានវិធានការត្រូវធ្វើយ៉ាងណានៅឡើយទេ។

ច្រាំងទន្លេនៅម្តុំចំណុចខាងលើមានការប្រឈមនឹងការបាក់ស្រុតខ្លាំងដោយសារច្រាំងទន្លេនៅចំណុចនេះមានសភាពចោទខ្លាំងនិងមានសំណង់នៅពីលើជាប់មាត់ទឹកទើបងាយនឹងបាក់ស្រុក។ នៅជិតចំណុចដែលបានបាក់ស្រុតនេះធ្លាប់បាក់ស្រុតមកកៀកនឹងផ្លូវជាតិលេខ២១ ហើយខាងក្រសួងសាធារណការក៏បានចាត់វិធានការទប់ ស្កាត់។ ចំពោះកន្លែងដែលបានបាក់ស្រុតកាលពីថ្ងៃទី ២៤ខែមេសា នៅមិនទាន់ដឹងថាសមត្ថកិច្ចខាងណាចេញមុខទប់ស្កាត់ការបាក់រាលដាលនៅឡើយទេ។ កិច្ច ការនេះខេត្តក៏អាចធ្វើបានដែរដើម្បីការពារកុំឱ្យមានការបាក់បន្ថែមទៀតនោះ។

លោកម៉ៅ ហាក់ បាននិយាយឱ្យដឹងទៀតថា ក្រុមការ ងាររបស់លោកពេលនេះកំពុងសាងសង់ច្រាំងស្ទឹងព្រែក ត្នោតនៅក្រុងតាខ្មៅដែលជិតបានរួចរាល់ហើយនិងធ្វើនៅស្រុកក្រូចឆ្មារហើយនឹងក៏កំពុងរៀបចំសាងសង់ច្រាំងទន្លេបាសាក់នៅព្រែកជ្រៃក្បែរព្រំដែនកម្ពុជាវៀតណាមដែលកន្លងទៅក្រុមការងាររបស់លោកធ្វើបណ្តោះអាសន្នបានប្រវែង១០០ម៉ែត្រ។ គម្រោងធ្វើបន្តប្រវែង១.២០០ម៉ែត្រដោយត្រូវសាងសង់ជាច្រាំងរឹងមាំ ដោយនៅពេលនេះច្រកបាវខ្សាច់ដើម្បីពង្រឹងជើងក្រោមមុននឹងឈានទៅបុកគ្រឹះធ្វើជាច្រាំងបេតុងឡើង។

នៅថ្ងៃទី២៥ខែមេសា ចំពោះមុខក្រុមការងារចម្រុះបានជួយសង្គ្រោះប្រជាពលរដ្ឋឱ្យចាកចេញពីផ្ទះដែលបាក់ស្រុតនិងដាក់កម្លាំងយាមការពារមិនឱ្យមានអ្នកចេញ ចូលកន្លែងបាក់ស្រុកដើម្បីកុំឱ្យមានគ្រោះថ្នាក់។ ផ្ទះនៅតាមច្រាំងបាក់ស្រុតមួយចំនួនជាផ្ទះថ្មធ្វើពីលើច្រាំងចោទគ្មានជើងទេ។ វិធានការត្រូវធ្វើបន្តដើម្បីទប់ស្កាត់ការបាក់រាលដាលច្រាំងទន្លេនេះនៅមិនទាន់មាននៅឡើយទេ។

គួររំលឹកឱ្យដឹងថា កាលពីថ្ងៃទី២៤ខែមេសាមានករណីបាក់ច្រាំងទន្លេនៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ប្រវែងប្រមាណ ២០០ម៉ែត្រ ធ្វើឲ្យប៉ះពាល់ផ្ទះ៤០ខ្នងស្មើនឹងចំនួន២១គ្រួសារ (កំណើនខ្នងផ្ទះច្រើនដោយសារ ក្នុងនោះ១គ្រួសារ មាន ផ្ទះ២ឬ៣ល្វែង)។ ផ្ទះដែររលំទាំងស្រុងមានចំនួន២ខ្នង ប៉ះពាល់ធ្ងន់ធ្ងរមានចំនួន២៨ខ្នង ប៉ះពាល់ស្រាលមានចំនួន១០ខ្នង។ ផ្ទះរងផលប៉ះពាល់ភាគច្រើនគឺសុទ្ធតែជាផ្ទះរប់បងប្អូនអ្នកលក់ដូរនិងធ្វើអាជីវកម្ម។ វិធានការចំពោះមុខរបស់អាជ្ញាធរបានចុះណែនាំដល់ប្រជាពលរដ្ឋរងគ្រោះនិងរងផលប៉ះពាល់ត្រូវធ្វើការរើសម្ភារៈ និងទ្រព្យ សម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ។

ក្រុមការងារបានធ្វើការណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print