សម្តេចតេជោ ហ៊ុន សែន ស្នើសុំចិត្តពលរដ្ឋគាំទ្រវិស័យកីឡា កុំនាំផ្លោះរបងពហុកីឡាជាតិ នាំឱ្យបាត់បង់សណ្តាប់ធ្នាប់សន្តិសុខ

ចែករំលែក៖

ភ្នំពេញ: ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើត នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងណែនាំដល់ពលរដ្ឋដែលគាំទ្រវិស័យកីឡារក្សាសណ្តាប់ធ្នាប់ ពោលកុំផ្លោះរបងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ហើយបើគ្មានសំបុត្រ សូមទស្សនា អាចមើលនៅតាមស្លាយ ដែលមានដាក់នៅតាមទីតាំងដែលរៀបចំជូននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាល និងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ថ្លែងយ៉ាងទទូចសុំចិត្តបងប្អូន សូមកុំឱ្យមានការបាត់បង់សណ្តាប់ធ្នាប់ណាមួយតាមរយៈការមិនគោរពផ្នែកណាមួយនៃសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ដូចនេះ កុំនាំគ្នាសម្រុកចូលទៅទស្សនាការប្រកួតបាល់ទាត់ ដើម្បីជៀសវាងការរត់ជាន់គ្នា បណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវនាំគ្នារក្សាភាពថ្លៃថ្នូរ កុំជេរប្រមាថដល់ក្រុមបាល់ទាត់ណាមួយដោយផ្ទាល់ ឬតាមបណ្តាយសង្គម បើទោះបីកម្ពុជាឈ្នះ ឬចាញ់ក្តី គឺត្រូវធ្វើឥរិយាបថឱ្យបានត្រឹមត្រូវ។

សម្តេចតេជោ ថ្លែងរំលឹកថា បងប្អូនផ្តល់នូវសាមគ្គីភាពជាមួយកីឡាករ កីឡាការិនីដែលមកពីប្រទេសផ្សេងៗ ទោះបីចាញ់ ឬឈ្នះ យើងជាម្ចាស់ផ្ទះត្រូវមានការទទួលខុសត្រូវ ត្រូវមានសា្មរតីសមគួរជាមួយភ្ញៀវ។ នេះជាកិច្ចការដ៏ធំ ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិកម្ពុជា ។ 

សូមបញ្ជាក់ថា, លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅបានស្នើសូមអ្នកគាំទ្រដែលមិនមានសំបុត្រ មេត្តាកុំផ្លោះរបងចូលមើលការប្រកួតបាល់ទាត់ នៅកីឡដ្ឋានជាតិអូឡាំពិក។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចជាច្រើននាក់ នឹងត្រូវដាក់ការពារតាមរបង ដើម្បីការពារបាតុភាពបែបនេះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណជនទស្សនាការប្រកួតកីឡាស៉ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ។

លោក កែវ សារ៉េត បានបញ្ជាក់ប្រាប់សារព័ត៌មាន ថា ពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអីប្រមាណ ២៩,០០០កន្លែង ក្នុងនោះនៅទីតាំងម្លប់មានតែ ៥,០០០កន្លែង ហេតុនេះហើយទោះបីជាអ្នកគាំទ្រ ដែលមិនមានសំបុត្រ ផ្លោះរបងចូលមើលបាល់ទាត់ ក៏មិនមែនកន្លែងអង្គុយដែរ។ លោកបានរំលឹកព្រឹត្តិការណ៍មិនគប្បីមួយ នៅពេលកន្លងមក ដែលអ្នកគាំទ្រដែលមិនមានសំបុត្រ ផ្លោះរបងចូលមើលបាល់ទាត់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print