ខ្សែប្រយុទ្ធ Son Heung-min បានរកគ្រាប់បាល់តាមស្មើនៅនាទីទី៧៩ដើម្បីបញ្ចប់ការត្រលប់មកវិញដ៏ល្អរបស់ក្រុមម្ចាស់ផ្ទះTottenham ទល់នឹងក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២ទល់២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨មេសា ក្នុងការប្រកួតដំបូងរបស់លោក Ryan Mason ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។
ក្រុមបិសាចក្រហមមើលទៅហាក់ដូចជាកំពុងឆ្ពោះទៅរកការប្រជែង Top 3 នៅ Premier League បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Jadon Sancho និង Marcus Rashford បានធ្វើឱ្យពួកគេស្ថិតក្នុងក្តីសង្ឃឹមនៃការឈ្នះក្នុងតង់ទី១។
កីឡាករ Pedro Porro បើកការវាយបក មុនពេល Bruno Fernandes ស៊ុតប៉ះរបារសម្រាប់ United នៅពេលដែលគាត់គួរតែស៊ុតបញ្ចូលទី។ Son បាន តាម ស្មើ បន្ទាប់ ពី ការបញ្ជូនបាល់ ដ៏ ល្អ របស់ Harry Kane ដើម្បី ផ្តល់ទំនុកចិត្តដល់ អ្នក គាំទ្រ ផ្ទះដែលធ្លាប់រិះគន់ពីការលេងកាលពីសប្តាហ៍មុន។
ក្រោយស្មើនេះ Spurs កំពុងឈរលើ Liverpool និង Aston Villa ដោយឈរនៅលេខរៀងទី៥ ខណៈ Man Utd ដេញតាមពីក្រោយក្រុមលេខ៣ Newcastle ចំនួន២ពិន្ទុ បន្ទាប់ពីក្រុម Newcastle ឈ្នះ ៤–១ នៅលើទឹកដីក្រុម Everton ។
លោក Mason បានត្រលប់មកគ្រប់គ្រងវិញរយៈពេល២ឆ្នាំបន្ទាប់ពីការចូលដឹកនាំលើកដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន និង៤ថ្ងៃបន្ទាប់ពីការចាញ់ក្រុម Newcastle ៦–១ ដ៏គួរឱ្យរន្ធត់ដែលនាំឱ្យលោក Cristian Stellini ជាគ្រូបង្វឹកបណ្តោះអាសន្នត្រូវក្លិបបញ្ចប់តួនាទី។
Man United នៅតែស្ថិតក្នុងចំណាត់ថ្នាក់ល្អដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ប៉ុន្តែការនាំមុខ ២–០ នៅតង់ទី១ និងធ្វើឲ្យគូប្រកួតតាមស្មើវិញបានបង្ហាញថា មានបញ្ហាដែលត្រូវការការយកចិត្តទុកដាក់របស់អ្នកចាត់ការលោក Erik ten Hag នៅរដូវក្តៅនេះ។ បច្ចុប្បន្នក្រុមបិសាចក្រហមលើស៦ពិន្ទុ និងមាន២ប្រកួតក្នុងដៃលើក្រុមលេខ៥ Spurs ៕ (រូបភាព ៖ BBC/Reuters/CNA)