ភ្នំពេញ៖ កិច្ចប្រជុំស្តីពីការពង្រឹងសមត្ថភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថា្នក់ខណ្ឌ សង្កាត់ ក្នុងខណ្ឌទាំង១៤ មាន គោលបំណងចូលរួមអភិវឌ្ឍន៍សមត្ថភាពនិងលោកកំពស់ ការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.កខណ្ឌនិង គ ក ន ក សង្កាត់ គឺត្រូវតែធ្វើព្រោះនេះជាការងារសំខាន់បំផុត ។
កិច្ចប្រជុំនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ និង លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅសាលារាជធានីភ្នំពេញ ។
លោកស្រី កែវ រ័ត្នតារា បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំស្តីពីការពង្រឹងសមត្ថភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថា្នក់ខណ្ឌ សង្កាត់ ក្នុងខណ្ឌទាំង១៤ មានគោលបំណងចូលរួមអភិវឌ្ឍន៍សមត្ថភាពនិងលោកកំពស់ ការអនុវត្តតួនាទី ភារកិច្ចរបស់ គ ក ស ក ខណ្ឌនិង គ ក ន ក សង្កាត់ កាន់តែប្រសើរឡើង ព្រោះថា បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ មិថុនាឆ្នាំ២០២២រួចមក សមាសភាព គ ក ស ក ខណ្ឌនិង គ ក ន ក សង្កាត់មានការផ្លាស់ប្តូរ ដោយហេតុនេះហើយ ទើបគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បង្កើតអោយមានកិច្ចប្រជុំ នេះឡើង។
លោកស្រីបន្តថា ការអនុវត្តធនធានមនុស្ស និងការលើកកំពស់សមត្ថភាព ជាកិច្ចកាេងារចាំបាច់ ហើយត្រូវបានចាត់ទុកថា ជាអារិភាពនៃការអនុវត្ត យុទ្ធសាស្ត្រចតុកោណនៅគ្រប់តំណាក់កាល ជាពិសេសបានក្លាយជាអារិភាពទី១ នៅក្នុងតំណាក់កាលទី៣និងទី០៤នេះ សំដៅលើកកំពស់ចំណេះដឹង ជំនាញ វិជ្ជាជីវៈ សមត្ថភាព ការច្នៃប្រឌិត គវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការនិងស្មារតីទទួលខុសត្រូវ សុខភាព និងកាយសម្បទារឹងមាំ តួនាទីស្រ្តីនិងគាំពារសង្គម។
លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងឱកាសនោះ បានកោតសរសើរចំពោះការរៀបចំកម្មវិធីនេះឡើង ។ ចំពោះការងារនេះយើងត្រូវរួមគ្នាធ្វើ ហើយការងារសំខាន់ដែលយើងត្រូវធ្វើជាចំបងនោះ គឺធ្វើយ៉ាងណា អោយ គ ក ស ក ខណ្ឌនិង គ ក ន ក សង្កាត់របស់យើងមានភាពខ្លាំងលើសគេ ។
ការធ្វើបទបង្ហាញពីតួនាទី ភារកិច្ច និងការចែករំលែកបទពិសោធន៍ ក្នុងកិច្ចការងាររបស់ គ ក ស ក ខណ្ឌនិង គ ក ន ក សង្កាត់ ក្នុងកម្មវិធីនាព្រឹកនេះវានឹងធ្វើអោយបងប្អូនយើងទទួលបាននូវចំណឹងដឹងច្រើន ដើម្បីយកទៅអនុវត្ត លើការងារនេះអោយកាន់តែល្អប្រសើរ ។
សូមបញ្ជាក់ថា៖ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់មានតួនាទី រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គណៈកម្មាធិការ ដាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់អនុម័ត ។ ផ្តល់ប្រឹក្សាយោបល់ និងជួយក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅ សង្កាត់ ចំពោះការងារពាក់ព័ន្ធកិច្ចការនារី និងកុមារនៅឃុំ សង្កាត់ ។ អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីច្បាប់ គោលនយោបាយនានារបស់រដ្ឋពាក់ព័ន្ធសិទ្ធិនារី និងកុមារនៅឃុំសង្កាត់ និងបំផុស ចលនាសហគមន៍លើវិស័យសុខភាព អប់រំ កិច្ចការពារ និងការអភិវឌ្ឍ កុមារ ព្រមទាំងការចុះបញ្ជីអត្រានុកូលដ្ឋានជូនទារក និងកុមារ ។ ទាក់ទាញការគាំទ្រ ដើម្បីឱ្យនារីបានចូលរួមធ្វើសេចក្ដីសម្រេចលើ ការអភិវឌ្ឍនៅមូលដ្ឋានឃុំ សង្កាត់ ។ បង្កើន និងពង្រឹងនូវការប្រាស្រ័យទាក់ទងកិច្ចសហការ និងការ សម្របសម្រួលរវាងក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកផ្តល់សេវាកម្ម និងអ្នកភូមិដែលធ្វើសកម្មភាពជួយនារី និងកុមារនៅក្នុងឃុំ សង្កាត់ របស់ខ្លួន ។ ជួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការប្រមូលវិភាគព័ត៌មាន ទិន្នន័យ ពាក់ព័ន្ធនឹងបញ្ហាក្តៅ និងតម្រូវការរបស់នារី និងកុមារដើម្បីដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ។ ចូលរួមអនុវត្ត ពិនិត្យ តាមដាន និងវាយតម្លៃផែនការសកម្មភាពឃុំ សង្កាត់ពាក់ព័ន្ធស្ថានភាពនារី និងកុមារ ។ តាមដានស្ថានភាពនារី និងកុមារក្នុងឃុំ សង្កាត់ និងធ្វើរបាយការណ៍ ទៀងទាត់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងដាក់បញ្ចូលក្នុងរបាយការណ៍ឃុំ សង្កាត់ ៕ . សំរិត