ភ្នំពេញ : ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយ ស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ាអគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន (Cambodian Pride) ស្របតាមអនុសាសន៍ និងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ និង ញ៉ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឲ្យកាន់តែមានភាពអធិកអធម។
ការផលិតបទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន (Cambodian Pride) ដែលបង្កប់នូវ សិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការ ផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់។
ខ្ញុំសូមជូនពរ អ្នកឧកញ៉ា សិល្បករ សិល្បការិនី អ្នកនិពន្ធ និងក្រុមការងារទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សិលា