ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុកខឿនថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សបោកក្បាលនិងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​

ចែករំលែក៖

​​    ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង​ ខណៈដែលបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូSUZUKI LETSឌុបគ្នាយ៉ាងលឿនទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលខ្ទាតមនុស្សបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខ សាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងរាំង តាមបណ្តោយផ្លូវ វិមានឈ្នះ=ឈ្នះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ ។

​     ជនរងគ្រោះទាំងពីរនាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អ្នកដែលស្លាប់មានភិនភាគ សម្បុរខ្មៅស្រអែម 

កម្ពួស់ប្រហែល១ម៉ែត្រ៦៥ ពាក់អាវយីតដៃខ្លីពណ៌ស  ស្លៀកខោសាច់ក្រណាត់ជើងវែងពណ៌ប្រផេះ ពាក់ស្បែកជើងប៉ាតាពណ៌សនិងជិះម៉ូតូម៉ាកSUZUKI LETS ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1HX-4166. ។

​     តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកSUZUKI LETS បើកតាមបណ្ដោយផ្លូវវិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកនឹងខឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សទៅបោកផ្ទុប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបែកមួកសុវត្តិភាពខ្ទេចបណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះជីវិត។

​     ក្រោយពីកើតហេតុ​ សមត្ថកិច្ចជំនាញខណ្ឌសែនសុខបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន​ និងធ្វើកំណត់ហេតុប្រគល់សពឱ្យអ្នកដឹកសពយកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print