ខេត្តតាកែវ៖ លោក សាប់ សារុន ប្រធានសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ នឹងចងក្រងកសិករដែលចិញ្ចឹមបង្កទាំងអស់នៅខេត្តតាកែវ បានលើកឡើងកាលពីថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះថា ដើម្បីរួមសហការពង្រឹកការចិញ្ចឹមបង្កងតាមបែបធម្មជាតិ ខណៈមុខរបរនេះអាចជួយដល់កសិកររកចំណូលបានសមរម្យ និងរួមគ្នា ពង្រីកការចិញ្ចឹមបង្កងខេត្តតាកែវ ឱ្យកាន់បានកាន់តែខ្លាំងក្លា សម្រាប់ការផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញ។
លោកប្រធានសមាគមអជីវករបង្កងទឹកសាបរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវ មានកសិករចិញ្ចឹមបង្កងប្រហែលជាង១០គ្រួសារ នៅក្នុងតំបន់ផ្សេងៗគ្នា ហេីយដើម្បីជំរុញការចិញ្ចឹមបង្កងឱ្យបានកាន់តែខ្លាំងក្លាថែមទៀត លោកមានផែនការគៀងគរដល់កសិករចិញ្ចឹម នៅក្នុងខេត្តតាកែវទាំងអស់ ឲ្យចូលជាសមាគម ដើម្បីរួមគ្នាពង្រីកចិញ្ចឹមបង្កងឲ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់បង្កងចូលទីផ្សារ ឬការនាំចេញ នៅពេលអនាគត ខណៈបង្កងខេត្តតាកែវ មានឈ្មោះបោះសំឡេងល្បីល្បាញតាំងពីរយូរយាណាស់មកហើយ។
លោកប្រធានសមាគម បានគូសបញ្ជាក់ទៀតថា នាពេលកន្លងមកនេះ មានមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនជាពិសេសលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះដល់មូលដ្ឋានចិញ្ចឹមបង្កងរបស់លោក បានណែនាំ និងផ្តល់នូវបទពិសោធន៍ទាក់ទងនិងការចិញ្ចឹម និងបញ្ហាទីផ្សារមួយចំនួន ក្នុងគោលដៅជំរុញការចិញ្ចឹមបង្កងឲ្យមានការរីកចម្រើន។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះក៏បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្របង្កងខេត្តតាកែវ ដែលប្រការទាំងនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ក្នុងការពង្រឹកនូវមុខរបរការចិញ្ចឹមបង្កងឱ្យកាន់តែខ្លាំងក្លា សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញផងដែរ៕ ដោយ៖សហការី