ក្រុមអ្នកគាំទ្រ វណ្ណដា បើកបង្ហាញភស្តុតាងព្រោងព្រាតក្រោយត្រូវគេរិះគន់រឿងសំពះ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះផ្អើលពេញបណ្តាញសង្គមមុននេះក្រោយពីគណនីហ្វេសប៊ុកមួយបានធ្វើការរិះគន់ទៅកាន់ឥរិយាបថរបស់ តារាចម្រៀងរ៉េបល្បីឈ្មោះលោកវណ្ណដា នៅពេលដែលជួបសិល្បកររៀមច្បង មិនបានប្រើប្រាស់កាយវិការសំពះ គឺមានត្រឹមការចាប់ដៃ។ រូបភាពនៃការជួបគ្នាចាប់ដៃត្រូវបានគេដឹងថា បានធ្វើឡើងក្នុងកម្មវិធីប្រគំតន្ត្រីធំមួយកាលពីរាត្រីថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣កន្លងទៅដោយតារាល្បីឈ្មោះជាច្រើនចូលរួមមានទាំងវណ្ណដា ផងដែរ។
ការរិះគន់នេះត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានធ្វើការចែករំលែកអមដោយសំណេរថា “ខ្ញុំឯកភាពចំពោះអ្នកសិល្បៈទាំងអស់ គួរតែជ្រើសរើសការសំពះជាសីលធម៌និងសុជីវធម៌សម្រាប់ជាតិរបស់យើង មិនមែនវាយប្រហារទេ តែខុសត្រូវតែងកែតម្រូវ។ ការសំពះ គឺជាសីលធម៌ដ៏ល្អអត់ខ្ចោះសម្រាប់ជនជាតិយើង ហើយមិនចាំបាច់មានហេតុផលផ្សេងទេ មានកំហុសត្រូវចេះកែ។ នៅក្នុងរូបភាពនេះប្រហែលជាមានបុគ្គលិកខ្ញុំជាច្រើននាក់ ហើយគាត់ក៏ដឹងថាខ្ញុំសំពះគាត់គ្រប់ពេល។
មានការបញ្ចេញយោបល់និងចែករំលែកព្រោងព្រាតជុំវិញការបញ្ចេញសារនេះ ដែលក្នុងនោះគេសង្កេតឃើញក្រុមអ្នកគាំទ្រតារាចម្រៀងរ៉េបរួបនេះបានទាំងបញ្ចេញភស្តុតាងមួយចំនួនដែលបានបង្ហាញពីការគោរពទៅកាន់សិល្បកររៀមច្បង លោក ខេមរៈសិរីមន្ត និងលោក ខាន់ជេម គ្រាដែលជួបគ្នាក្នុងកម្មវិធីប្រគំតន្ត្រីមួយកាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ។ គណនីហ្វេសប៊ុកដែលបានគាំទ្រលោកវណ្ណដា ក៏បានទាំងបញ្ចេញរូបភាពនៃការសំពះទៅកាន់ទស្សនិកជន មិនថាក្មេងចាស់ប្រុសស្រី រួមទាំងវីរសិល្បករខ្មែរផងដែរ។
ទោះជាយ៉ាងណាមុននេះដែរគេបានឃើញសំណេររបស់អ្នកឧកញ៉ា ឡេងណាវ៉ាត្រាជាបន្តបន្ទាប់បានបញ្ចេញការរិះគន់ទៅកាន់តារាចម្រៀងរូបនេះជុំវិញសកម្មភាពលើកអាវបង្ហាញខោក្នុងនៅលើឆាកតន្ត្រី និងសកម្មភាពនៃការច្រៀងនូវពាក្យពេចន៍អសុរោះផងដែរ។ ក្នុងនោះអ្វីដែលអ្នកឧកញ៉ាបានទម្លាយគឺមានក្រុម MMOឬ Making Money Online ដែលព្យាយាមបញ្ចេញសារវាយប្រហារលើការបញ្ចេញបទចម្រៀង”Cambodia Pride” របស់ផលិតកម្មអ្នកឧកញ៉ា ផងដែរ។ គេនៅបន្តរង់ចាំតាមដានបន្តទៀតថា តើករណីនេះនឹងទៅជាយ៉ាងណា?
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print