ភ្នំពេញ៖ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ កីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រែងប្រែងដណ្តើមមេដាយមាសឱ្យបានទាំងពីរគ្រឿងជូនជាតិមាតុភូមិ។ ការប្តេជ្ញាចិត្តបែបនេះរបស់កីឡាការិនី ខាន់ ចេសា បានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣
នៅក្នុងដំណើររបស់កីឡាការិនី ខាន់ ចេសា និងក្រុមគ្រួសារមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានការផ្តល់កិត្តិយទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក សៀន សុភក្ត្រ អគ្គលេខាធិការ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។
ជាក់ស្ដែងកីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារស៊ីហ្គេម លើកនេះខុសពីស៊ីហ្គេម មុនៗ ដោយកម្ពុជាយើងជាអ្នករៀបចំធ្វើម្ចាស់ផ្ទះ។ ខ្ញុំ និងគ្រួសារនាងខ្ញុំបានមកដល់កម្ពុជាទាំងអស់ ហើយនាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលប្រជាជនកម្ពុជាបានផ្តល់ការគាំទ្រទាំងអស់គ្នា។ គោលដៅរបស់នាងខ្ញុំ គឺនៅតែដដែលទេ ដូចដែលខ្ញុំបានកំណត់ គឺដណ្តើមមេដាយមាសជូនជាតិកម្ពុជា ដូចព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ និងការប្រកួតកីឡាអន្តរជាតិនានា កន្លងមក»។
«ជាទូទៅ ការប្រកួតនៅសហរដ្ឋអាមេរិកមានការលំបាកជាងការប្រកួតកីឡាស៊ីហ្គេម ហើយការនិយាយបែបនេះមិនមែនមានន័យថា នាងខ្ញុំមើលស្រាលដៃគូប្រកួត ក្នុងស៊ីហ្គេមនោះទេ។ នាងខ្ញុំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយមាសឱ្យបាន២គ្រឿង ជូនជាតិ»។ ជម្រើសជាតិរូបនេះបានបន្ថែម។
ទោះបើយ៉ាងនេះក្ដី កីឡាការិនីជឺជីតស៊ូដ៏ឆ្នើមរបស់កម្ពុជារូបនេះបានចាត់ទុកថា ការមិនបានចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ ដោយសារលើសទម្ងន់ គឺជារឿងអាក្រក់ណាស់ ហើយវាជាមេរៀនមួយ សម្រាប់នាងផ្ទាល់។ នាងតែងតែប្រឹងប្រែងរក្សាទម្ងន់របស់ខ្លួន ដើម្បីកុំឱ្យខកខាក សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សូមជម្រាបជូនថា កីឡាការិនីកូនខ្មែរកាត់អាមេរិករូបនេះ ត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាគី (Gi) ទម្ងន់ ៥២គីឡូក្រាម និងវិញ្ញាសាគ្មានគី (No-Gi) ទម្ងន់៥២គីឡូក្រាម។ ចំពោះវិញ្ញាសាសរុបនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាជឺជីតស៊ូនេះ សរុបចំនួន១៣វិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែបុរស៦ ផ្នែកនារី៥ និងវិញ្ញាសាចម្រុះមានចំនួន២។ ការប្រកួតគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលD នៃមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC៕ ដោយ៖សហការី