ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
សម្ដេចតេជោ បានក្រាបបង្គំថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន យាងទៅប្រទានព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប។
សម្តេចតេជោ ថ្លែងថាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមិនយកលុយពីកីឡាករបរទេស គឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជា។
សម្តេចតេជោ ថ្លែងថា កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផលក្នុងស្រុក ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ជំរុញឱ្យលោក ម៉ៃ សុគន្ធ ចេញមុខសុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda ជាសាធារណៈ។ …[]«បើកូនជាកូនល្អរបស់កម្ពុជា កូនត្រូវសុំទោសKeisuke Honda»។
សម្តេចតេជោ បន្តអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល ដើម្បីចូលរួមលើកស្ទួយមុខមាត់ជាតិ។
សម្តេចតេជោ ថ្លែងថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានានា ដូច្នេះសូមសាព័ត៌មានអន្តរជាតិនានាស្វែងយល់ចំណុចនេះឱ្យបានច្បាស់។ សម្ដេចបញ្ជាក់ថា «ខ្ញុំធានាអះអាងទៅលើសុវត្ថិភាពទាំងឡាយ»។
សម្ដេចតេជោ ប្រកាសស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខម្ហូប«ហាឡាល់» សម្រាប់អ្នកកាន់សាសនាអ៊ិស្លាម ដែលមកចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
សម្តេចតេជោ ថ្លែងអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំសម្រុកចូលទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា។
សម្ដេចតេជោ បានរម្លឹកឡើងវិញថា ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬ ប្រតិភូណាមួយប្រឈមជួបនឹងបញ្ហាកកស្ទះចរាចរណ៍នោះឡើយ។
សម្តេចតេជោ អំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្ដេចថ្លែងថា៖«កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ»។
សម្ដេចតេជោ បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាសើផ្ទះ។
សម្តេចតេជោ ផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់សារធាតុដែលត្រូវបានហាមប្រើប្រាស់នៅក្នុងការប្រកួត។
សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ជាពិសេស គឺការអភិវឌ្ឍនៅកម្ពុជា ឱ្យបានលឿន។៕ដោយ៖សហការី