ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើដល់គ្រប់ម្ចាស់ស្ថានីយផ្សាយទាំងអស់សហការគ្នាផ្សព្វផ្សាយពីកីឡាស៊ីហ្គេមឱ្យបានទូលំទូលាយ ព្រោះថាពេលនេះជាមុខមាត់កម្ពុជា។
ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសដល់ក្រសួងព័ត៌មាន និងអគ្គនាយកទូរទស្សន៍ជាតិដែលបានខកខានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ស៊ីហ្គេមកាលពីថ្ងៃទី៣០ ខែមេសា និងបញ្ជាឱ្យរៀបចំឡើងវិញស្របពេលដែលស្នើដល់ចាងហ្វាងទូរទស្សន៍ទាំងអស់សហការគ្នាផ្សាយពីការប្រកួតកីឡាស៊ីហ្គេមតាមប្រភេទកីឡាផ្សេងៗគ្នាផងដែរ។
សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «អំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ថាពេលនេះគឺជាពេលដែលកម្ពុជាត្រូវរីកមុខមាត់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឧបត្ថម្ភដល់ គណៈប្រតិភូកីឡាស៊ីហ្គេមម្នាក់ៗ ៥០០ដុល្លារផងដែរ ដើម្បីជាការលើកទឹកចិត្ត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ឱ្យ កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ប្រឹងប្រែងដណ្តើមយកមេដាយមាស ប៉ុន្តែមេដាយទាំងនោះ ត្រូវតែបានមកដោយសុច្ចរិត។
ការលើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍រៀបចំប្រកួតកីឡានាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីកម្ពុជាបានរៀបចំកាលពីឆ្នាំ១៩៦៦ ហើយប្រទានអគ្គិជ័យកីឡាដោយ ព្រះមហាក្សត្រ។
សម្តេចបានបន្តថា៖ «យើងធ្វើកិច្ចការរបស់យើង បានល្អប្រសើរ ហើយសូមអ្នកទាំងអស់គ្នា ប្រឹងយកឈ្នះមេដាយមាសឱ្យបានក្រែលបន្តិច ប៉ុន្តែរាល់មេរាល់មេដាយមាសទាំងអស់ ត្រូវតែជាមេដាយមាសសុច្ចរិត»។
សម្តេចបានបន្ថែមថា ទោះបីជាប្រកួតដោយមិនសុច្ចរិត ក៏គណៈកម្មការរៀបចំការប្រកួតមិនឱ្យនោះដែរ ដោយសារតែពេលនេះ ការប្រកួតកាន់តែសុក្រឹត្យ ដោយសារតែមានការពិនិត្យតាមវីដេអូកាមេរ៉ាផ្សេងៗ ៕
ដោយ : សហការី