ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។
មុននឹងចាប់ផ្ដើមការសំណេះសំណាល សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានយាងទៅប្រទានព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប នាពេលកន្លងទៅថ្មីៗនេះ។
សម្តេចតេជោបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងមិនយកលុយពីប្រតិភូកីឡាករកីឡាការិនីបរទេស ដែលមកចូលរួមប្រកួតនៅកម្ពុជាឡើយ។នេះគឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជានាពេលខាងមុខ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផលក្នុងស្រុកមួយចំនួនទៀត ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជាតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានមានប្រសាសន៍ទាបថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានីមួយៗ ដូច្នេះសូមសាព័ត៌មានអន្តរជាតិនានាស្វែងយល់ចំណុចនេះឱ្យបានច្បាស់ ពីព្រោះថ្មីៗនេះមានសារព័ត៌មានអន្តរជាតិមួយបានផ្សាយពីការព្រួយបារម្ភក្នុងការដឹកជញ្ជូនកីឡាករចូលរួមប្រកួតខ្លាចមិនទាន់ពេលវេលាជាដើមនោះ។ ដូច្នេះ សម្ដេចបញ្ជាក់ថា សម្ដេចធានាអះអាងទៅលើសុវត្ថិភាពទាំងឡាយ ដល់កីឡាករកីឡាការិនីទាំងអស់។
នៅថ្ងៃនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ដោយស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខម្ហូប«ហាឡាល់»ដែលជាមុខម្ហូបសម្រាប់បងប្អូនឥស្លាម ដែលមកចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
ជាថ្មីម្ដងទៀត សម្តេចតឹជោបានអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាវិស័យកីឡាទាំងអស់ កុំសម្រុកចូលទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា ពីព្រោះធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ និងបាត់បង់កិត្តិយសជាតិយើង។ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬ ប្រតិភូណាមួយប្រឈមជួបនឹងបញ្ហាកកស្ទះចរាចរណ៍នោះឡើយ។ សម្តេចតេជោក៏បានបន្តអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល ដើម្បីចូលរួមលើកស្ទួយមុខមាត់ជាតិយើង។
សម្ដេចតេជោក៏បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។សម្តេចតេជោ បានអំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងកាសព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយសម្ដេចថ្លែងបញ្ជាក់ថា កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ។សម្តេចតេជោក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់សារធាតុដែលត្រូវបានហាមប្រើប្រាស់នៅក្នុងការប្រកួត។ សម្ដេចតេជោក៏បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ជាពិសេសគឺការអភិវឌ្ឍនៅកម្ពុជាឱ្យបានលឿន។សម្ដេចតេជោបានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាសាច់ឈាមខ្មែរបេះដូងជាខ្មែរ តែងតែមកជួយដល់ខ្មែរគ្នាឯងវិញ។
ក្នុងពិធីសំណេះសំណាលនេះដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករកីឡាការិនីទាំងអស់ សម្ដេចតេជោបានប្រកាសឧបត្ថម្ភដល់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុង១នាក់ៗ ៥០០ ដុល្លារអាមេរិក ។ ហើយមុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យប្រតិភូកីឡាករ កីឡាការិនីទាំងអស់ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ជាបន្តបន្ទាប់ទៀត និងជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕ដោយ៖ស តារា