ភ្នំពេញ : នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំយុវជននិងកីឡា បានចេញ សេចក្តីថ្លែងការណ៍ថា, ក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ជាអាទិ៍ សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្ដាល និងក្លិបបាល់ទាត់អាជីព នានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ ជាពិសេស នៅក្នុងការប្រកួតនាពេលកន្លងមក ការខិតខំប្រកួត និងបច្ចេកទេសលេងបាល់របស់កីឡាករបាល់ទាត់កម្ពុជា បានទាក់ទាញទស្សនិកជនឱ្យចូលរួមទស្សនាផ្ទាល់ និងទស្សនាតាមអនឡាញ ភ្លូកទឹក ភ្លូកដី និងជឿជាក់ថា បាល់ទាត់កម្ពុជានឹងឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់បាន។
បន្ថែមលើនេះទៀត ក្នុងស្មារតីកសាង និងប្រមូលនូវធនធានកីឡាករបាល់ទាត់ នាយឧត្ដម សេនីយ៍ ប្រធានសហព័ន្ធ បានរៀបចំឱ្យមាននូវទីលានបាល់ទាត់នៅតាមសាលាតម្រង់ទិសទាំង ២៥ រាជធានី ខេត្ត និងរៀបចំកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលកត្តាទាំងនេះ បានធ្វើឱ្យសិស្សានុសិស្ស និងយុវជនជាច្រើន ចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់។ ម្យ៉ាងវិញទៀត ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ប្រធានសហព័ន្ធ ការលេងកីឡាបាល់ទាត់ មានសកម្មភាព យ៉ាងផុលផុសក្នុងស្រទាប់យុវវ័យ នៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាសគាំទ្រ និងស្នើសុំ នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត ៕
ដោយ : សិលា