បុរសដែលយកគ្រាប់កាំភ្លើង បាចចូលហាងកាត់សក់ គម្រាមបាញ់ សម្លុតជាង ប្រើឡានទំនើបម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222 ត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមន បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសស្រែកឡូឡា និងយកកាំភ្លើងប្រើហ្គាសគំរាមជាងកាត់សក់ បាចគ្រាប់កាំភ្លើង ចូលហាង សំញ៉ែងកាំភ្លើងនៅចង្កេះ ប្រព្រឹត្តនៅបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅកាន់តុលាការចាត់ការតាមច្បាប់ អោយសមជននេះ ប្រព្រឹត្តយ៉ាងទំនើង ហើយសង្គមស្អប់ខ្ពើមបំផុត ។

សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីកម្លាំងនគបាលព្រហ្មទណ្ឌខណ្ឌចំការមន នៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនដល់តុលាការ  តំណាងអយ្យការលោក សេង ម៉េងស្រ៊ន កំពុងបើកចំណាត់ការ ស៊ើបសួរលើជនត្រូវចោទឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ដើម្បីឈានទៅរកការចោទប្រកាន់លើបទល្មើស ពាក់ព័ន្ធការស្រែកជេរឡូឡា និងយកកាំភ្លើងគំរាមជាងកាត់សក់ ក្នុងហាងកាត់សក់យីហោ RHM ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាពេលកម្លងមក។

ករណីនេះដែរ ប្រសិនបើតំណាងអយ្យការគាត់រកឃើញថា មានពិរុទ្ធភាព នៃបទល្មើសនេះមានចែងក្នុងច្បាប់ជាធរមាន បុគ្គលនេះនឹងត្រូវទទួលរងនូវបទចោទប្រកាន់ដោយគេចមិនរួចឡើយ ហើយបន្ទាប់មក លោកតំណាងអយ្យការ និងបន្តបញ្ជូនរឿងទៅចៅក្រមស៊ើបសួរតាមនីតិវិធី។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានគាំទ្រចំពោះសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដែលបានឃាត់ខ្លួនជនទំនើងនេះទាន់ពេលវេលា។ 

សូមជម្រាបជូនថា, ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនទំនើងបានជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។

របាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន ដែលសារព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្ដែក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្ដរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្រែកជេរគេឯងឡូឡា និងយកកាំភ្លើងគំរាមអ្នកដទៃនោះ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។

ដោយឡែក សម្រាប់ដើមចមដែលនាំឲ្យបុរសខាងលើខឹងស្រែកឡូឡា និងគំរាមប្រើប្រាស់អាវុធនេះ គឺដោយសារតែបុគ្គលិកនៅក្នុងហាងកាត់សក់ ហាមឃាត់កុំឲ្យសើចលឺពេកព្រោះរំខានភ្ញៀវដទៃដែលនៅក្បែរនោះ។

បុរសម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿង បានស្រែកជេរឡូឡា និងគំរាំមប្រើប្រាស់អាវុធលើជាងកាត់សក់ ក្នុងហាងកាត់សក់មួយកន្លែង នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់។ តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា បុរសម្នាក់ស្លៀកខោកាប៊យ ពាក់អាវយឺតលឿង ស្រែកជេរឡូឡា ទៅកាន់ជាងកាត់សក់ម្នាក់។

លុះមួយសន្ទុះក្រោយមក បុរសខាងលើបានដើរចេញទៅក្រៅ ទំនងចូលទៅក្នុងហើយយកគ្រាប់កាំភ្លើងមកបាច់នៅក្នុងហាង បង្កឲ្យការភ័យខ្លាច ដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយលើកៅអីកាត់សក់។ ក្រោយមកទៀត បុរសដដែលនោះបានដើរចេញទៅក្រៅ យកកាំភ្លើងសៀតចង្កេះខាងស្ដាំ រួចសោយអាវឡើងលើដើម្បីគំរាមទៅកាន់ជាងកាត់សក់ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង។

តាមរយៈសកម្មភាពក្នុងវីដេអូនេះ បានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវ មានការភ័យខ្លាចយ៉ាងខ្លាំង រហូតជាងកាត់សក់នោះលើកម្រាមដៃ១០សំពះសុំទោសម្ដងហើយម្ដងទៀត ខណៈភ្ញៀវដទៃបានរត់ចេញក្រៅទាំងជាប់កន្សែងកាត់សក់គ្របលើខ្លួនថែមទៀតផង។

គេមានជំនឿថា ,តំណាងអយ្យការ អាចបើកការស៊ើបសួរ រកឃើញចំពោះពិរុទ្ធភាព នៃបទល្មើស ដែលជនរូបនេះបានប្រព្រឹត្ត ដោយអំពើបទល្មើសជាក់ស្ដែង ប្រើអំណាច អាវុធ គ្រាប់កាំភ្លើង និងមធ្យោបាយដោយរថយន្តទំនើប ដែលបង្កឲ្យមានការភ័យរន្ធត់ ពីជាងនិងបុគ្គលិក ភ្ញៀវនៅក្នុងហាងកាត់សក់។ 

តំណាងអយ្យការ អាចនឹងចេញសេចក្តីសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ (ចោទប្រកាន់) ដើម្បីឲ្យចៅក្រមស៊ើបសួរបន្តនីតិវិធី។

សូមបញ្ជាក់ថា, ការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ការផ្សព្វផ្សាយលើគេហទំព័រក្នុងស្រុក ពេលឃើញឃ្លីបវីដេអូនេះ ប្រជាពលរដ្ឋស្អប់ខ្ពើមបំផុត ជូនប្រភេទនេះ ដែលបានប្រព្រឹត្ត ក្នុងប្រទេសដែលគ្រប់គ្រងដោយច្បាប់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print