ភ្នំពេញ : ក្រសួង អប់រំយុវជននិងកីឡា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ!
ក្រសួងអប់រំ យុវជននិងកីឡា សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទកភាព និងភាពសប្បាយរីករាយ!
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា, បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនមានសំបុត្រចូលរួមពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាចមកទស្សនាការផ្សាយបន្តផ្ទាល់នៅទីតាំង ៧នេះ ចាប់ពីម៉ោង ៦:៣០នាទីយប់តទៅ។
លោកអភិបាលរង បានបន្តថា, ពលរដ្ឋរាជធានីភ្នំពេញ អាចទស្សនាការផ្សាយបន្តផ្ទាល់ ពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ ៧ទីតាំងនេះ ចាប់ពីម៉ោង ៦:៣០នាទីយប់តទៅរួមមាន :
១. សួនច្បារមុខវត្តបទុមវតី
២. សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ
៣. ក្នុងបុរីប៉េងហួតបឹងស្ងោរ
៤. សួនច្បារមិត្តភាព ក្បែរក្រសួងការពារជាតិ
៥. សួនច្បារមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ
៦. សួនច្បារព្រះនាងប្រាជ្ញាបារមី
៧. ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ៕
ដោយ : សិលា