ខេត្តតាកែវ៖ មន្ត្រីយោធាពាក់សក្ដិ៤កន្លះម្នាក់ មកពីខេត្តព្រះសីហនុ មិនដឹងថាមានវិបត្តិរឿងអ្វីនោះទេ ស្រាប់តែធ្វេីសកម្មភាពបាញ់សម្លាប់ខ្លួនឯងនៅលើខ្យូសក្នុងដីចម្ការរបស់ឪពុក។ នេះបើយោងតាមសេចក្តីរាយការណ៍បឋម របស់សមត្ថកិច្ចខេត្តតាកែវ បានឱ្យដឹងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ករណីបាញ់សម្លាប់ខ្លួនឯងនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៤ ខែឧសភាម្សិលមិញនេះ ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន ភេទប្រុស អាយុ៤២ឆ្នាំ ជាមន្រ្តីយោធា មានឋានន្ទរសក្តិវរៈសេនីយ៍ទោ “ពាក់សក្ដិបួនកន្លះ” បម្រើការងារនៅក្រុងព្រះសីហនុ និងមានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុគេឃេីញជនរងគ្រោះជិះរថយន្តមួយគ្រឿងម៉ាក XPANDER CROSS ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាVINA 5053 ដោយធ្វើដំណើរចេញពីក្រុងព្រះសីហនុ មកលេងឪពុកម្តាយនៅខេត្តតាកែវ និងទៅអង្គុយនៅលើខ្យូសក្នុងដីចម្ការតែម្នាក់ឯង ប៉ុន្តែមិនដឹងជាមូលហេតុយ៉ាងម៉េច? ជនរងគ្រោះក៏បាញ់សម្លាប់ខ្លួនដោយអាវុធខ្លី ម៉ាក SIU SAVER P220 នៅលើខ្យូសប្រក់ស្បូវ ធ្វើអំពីឈើ ក្នុងដីចម្ការរបស់ឪពុកនោះតែម្តង។
បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះធ្វើដំណើរចេញមកពីខេត្តព្រះសីហនុ ដោយរថយន្តផ្ទាល់ខ្លួន ហើយមុនចូលក្នុងចម្ការ ជនរងគ្រោះបានមកអង្គុយលេងនៅផ្ទះសាច់ញាតិរបស់ខ្លួនមួយសន្ទុះ រួចក៏ចាក់សោរបងជិះរថយន្តចូលក្នុងចម្ការតែម្នាក់ឯង ដោយចុះពីរថយន្តទៅអង្គុយក្នុងខ្យូស ស្រាប់តែមួយសន្ទុះក្រោយមក ក៏លឺស្នូរកាំភ្លើ.ងផ្ទុះឡើង ធ្វើឱ្យសាច់ញាតិជនរងគ្រោះនាំគ្នាចូលមកមើល ក៏ឃើញជនរងគ្រោះដេកស្លា.ប់នៅលើខ្យូសក្នុងចម្ការបាត់ទៅហើយ។
ប្រភពដដែលបន្តថា ជនរងគ្រោះឱ្យតែមកលេងដីចម្ការរបស់ខ្លួន គឺតែងតែមានប្រពន្ធនិងកូន ព្រមទាំងបងប្អូនជាច្រើននាក់មកជាមួយដោយផឹកស៊ីសប្បាយរាល់លើក ប៉ុន្តែលើកនេះ គឺមកតែឯងក៏មានហេតុការណ៍នេះកើតឡើងតែម្តង។ ហើយសាច់ញាតិរបស់ជនរងគ្រោះ ក៏មិនទាន់ដឹងលម្អិតថា តើជនរងគ្រោះមានវិបត្តិអ្វីរឿងនោះទេ? រហូតឈានទៅដល់ការបាញ់សម្លាប់ខ្លួនឯងបែបនេះ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងមន្រ្តីជំនាញស្រុក-ខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការពិនិត្យសាកសពជនរងគ្រោះ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ បន្ទាប់ពីធ្វើការពិនិត្យសាកសពជនរងគ្រោះរួចរាល់ គណៈកម្មការបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយប្រើអាវុធខ្លីបាញ់ទៅលើត្រចៀកខាងស្តាំធ្លាយទៅថ្ងាសខាងមុខ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតពិតប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ ដោយ៖សហការី