ភ្នំពេញ៖ ក្រោយរៀបការថ្មីថ្មោង តារាសម្តែងប្រុសលោក សឿន វីតា នៅតែក្តាប់បានតំណែងជាតារាសម្តែងលេច
លោកជាតារាសម្តែងយូរឆ្នាំមកហើយដោយលោកបានបង្ហាញស្នាដៃក្នុងខ្សែភាពយន្តជាច្រើននិងរឿងភាគផងដែរ។លោកបានសម្រេចចិត្តចូលរោងការយូរខែមកហើយដោយលោកស្រាប់តែទទួលបានឱកាសគ្រងតំណែងថតភាពយន្តជាបន្តបន្ទាប់ធ្វើឲ្យភរិយាខ្លួនភ្ញាក់ផ្អើលផ្ទុយពីការគិតថា រៀបការរួចច្បាស់ជាធ្លាក់ទីផ្សារ។ កន្លងមកតារាសម្តែងរូបនេះធ្លាប់បានត្រៀមចិត្តត្រៀមកាយរួចទៅហើយដើម្បីប្រឡូកក្នុងការងារមុខជំនួញឲ្យបានច្រើន ព្រោះតែមិនរំពឹងខ្ពស់លើការសម្តែងឲ្យបានដូចមុន។ លោកបញ្ជាក់ ខែ្សភាពយន្តភាគខ្នាតធំជូនផលិតកម្មល្បីៗនឹងចាក់បញ្ចាំងក្នុងស្ថានីយ៍ទូរទស្សន៍ពេញនិយមសម្រាប់ទស្សនិកជនហើយស្នាដៃរបស់លោកបានសម្តែងសុទ្ឋតែប្រមូលផ្តុំដោយតារាល្បីលំដាប់ជួរមុខជាច្រើនដួងទៀតផង។
តារាសម្តែង សឿន វីតា បញ្ជាក់ថា លោកនិងភរិយាពិតជាភ្ញាក់ផ្អើលព្រោះមានផលិតករជាច្រើនបន្តបន្ទាប់ទាក់ទងលោកហើយពេលនេះមានភាពយន្តដល់ទៅ៥រឿងដែលតម្រូវឲ្យលោកត្រូវបែងចែកពេលវេលាឲ្យល្អត្រូវតាមវេនជៀសវាងការជាន់គ្នាទៀតផង។ លោកនិយាយទៀតថា ផ្ទុយពីមុនតែម្ដង ព្រោះក្នុងមួយខែៗអត់មានអ្នកណាហៅសោះ ស្ងាត់ឈឹង ប៉ុន្តែពេលនេះរកតែពេលទទួលទានបាយក៍មិនបានឡើយ។ រឿងទាំង៥ដែលលោកកំពុងតែមានក្នុងដៃរួមមានក្នុងផលិតកម្ម PR Production របស់អ្នកនាង ព្រំរដ្ឋា មានពីររឿងគឺរឿង «វិថីនារី» និងរឿង «ផ្ការីកក្នុងចិត្ត» ចំណែកខ្សែភាពយន្តពីររឿងទៀតក្នុងផលិតកម្ម LD Picture គឺរឿង «ម្ទេសហិរប៉ះអំបិលប្រៃ» និងរឿង «ទីបញ្ចប់» រឿងចុងក្រោយរឿង «ផ្កាបួនទង» ដែលថតជាតួឯកកម្សត់ស្រុកស្រែ។
លោកបន្តថា ដោយការទទួលបានខ្សែភាពយន្តច្រើនព្រមៗគ្នាទើបលោកត្រូវសម្រេចចិត្តបដិសេធការសម្តែងក្នុងខ្សែភាពយន្តមួយចំនួនផងដែរ។ បើធៀបពីមុនលោកគិតថា បើកាលណារៀបការហើយពិតជាផ្អាកសិល្បៈងាកទៅរកស៊ីម្តងប៉ុន្តែបានខាងបងៗផលិតករមិត្តសិល្បៈករលើកទឹកចិត្តថា ឈានតាំងពីជណ្តើរជាន់ទី១ដល់ទី៥ហើយចោលធ្វើអ្វី? បើមើលទៅលើតួបរទេសគេខំសម្តែងណាស់តាំងពីក្មេងដល់ចាស់។ ចាប់តាំងពីពេលនោះមកក៍សម្រេចចិត្តគិតថា បើរៀបការហើយគេហៅថតចេះតែថតទៅដើម្បីត្រូវនិងចំណូលចិត្តផងដែរ។ ត្រង់ចំនុចនេះលោកចង់បញ្ជាក់ដែរថាសម្រាប់ផលិតករឬផលិតកម្មមួយចំនួនគេមិនខ្វល់ឡើយទោះនៅលីវឬមានប្តីប្រពន្ឋមិនសំខាន់ឡើយឲ្យតែចេះសម្តែងនិងមានទេពកោសល្យព្រោះមើលលើរៀមច្បង ចន ច័ន្ទលក្ខិណា, ស្វែង សុជាតា, ហម ឈរ៉ា សុទ្ឋតែពូកែ។
តារាសម្តែងដែលមកពីខេត្តបន្ទាយមានជ័យរូបនេះបញ្ជាក់ដែរថា ភរិយារបស់លោកមានឈ្មោះ ស៊ឹម សូដាណេ ដែលជាអ្នករកស៊ីខាងអ៊ុតសក់លាបក្រចកនៅខាងក្រោយមជ្ឈបណ្ឌលម៉ុងឌីយ៉ាល់។ ក្រៅពីមុខរបរសិល្បៈលោកក៍មានមុខជំនួញខាងអ្នករត់ឡានតាក់ស៊ី មានឡានច្រើនគ្រឿងគួរសម។ កន្លងមកលោកធ្លាប់បានសម្តែងជាតួឯក និងតួរងក្នុងខ្សែភាពយន្តរបស់ផលិតកម្មមហាហង្សដូចជារឿង «ឆ្អែតចិត្ត» រឿង«ពេជ្រក្នុងបេះដូង» រឿង«ម្ចាស់គំនុំពីងអតីតជាតិ» និងរឿង«រលកបោកខ្សាច់»ជាដើម៕
ដោយ៖ វឌ្ឍនា