ភ្នំពេញ៖ ក្រោយពេលដែលអាជ្ញាធរខណ្ឌជ្រោយចង្វា កោះហៅម្ចាស់សំណង់រោងសង់រំលោភចូលដីច្រាំងទន្លេ និងសង់ក្យូសបណ្តែតទឹកក្នុងទន្លេ មកចូលរួម
...
ប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹងដើម្បីឱ្យរុះរើចេញពី
ច្រាំងទន្លេ ដោយបានទុករយៈពេល១០ថ្ងៃ កាលពីខែកញ្ញាឆ្នាំ២០១៥កន្លងមកនោះ។
ទើបនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ជាថ្ងៃឱសានវាត ដែលអាជ្ញាធរខណ្ឌជ្រោយចង្វាចុះរុះរើសំណង់ក្យូសបណ្តែតទឹក ប្រតិបត្តិការនេះដឹកនាំដោយលោកហ៊ុយ សារុន អភិបាលរងខណ្ឌ និងក្រុមការងារសាលាខណ្ឌជ្រោយចង្វា ដោយមានការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះរុះរើសំណង់ក្យូសបណ្តែតទឹក។
លោកអភិបាលរង ហ៊ុយ សារុណ បានឲ្យដឹងថា ការចុះប្រើវិធានការរដ្ឋបាលនេះបន្ទាប់ពីសាលាខណ្ឌបានជូនដំណឹងដល់អាហារដ្ឋាន ភោជនីយដ្ឋាន និងផ្ទះទឹកទាំងនោះ ហើយទីតាំងទាំងនោះមិនព្រមធ្វើការរុះរើ ។ ការប្រើវិធានការរដ្ឋបាលនេះគឺដោយសារតែផ្ទះទឹកទាំងនោះធ្វើឲ្យបាត់បង់សោភ័ណភាព ព្រមទាំងអាចបង្កជាហានិភ័យដល់ភ្ញៀវទេសចរណ៍ផងដែរ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា មានភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់១៦៣ ទីតាំង ចំណែកផែ និងក្យូសបណ្តែតទឹកមាន ៩ ទីតាំងរួមមាន:
១.ភោជនីយដ្ឋាន ឡៃ ហ៊ាង
២.ភោជនីយដ្ឋាន ទន្លេលាភ
៣.ភោជនីយដ្ឋាន ម្លប់ស្វាយកំពង់ធំ
៤.ភោជនីយដ្ឋាន តាឪ
៥.ភោជនីយដ្ឋាន ចំការលាភ
៦.ភោជនីដ្ឋាន មាស៩៩
៧.ភោជនីដ្ឋាន រំដួលព្រែកលៀប
៨.ភោជនីដ្ឋាន ឪសេតថ្មី
៩.ភោជនីដ្ឋាន ទន្លេមាស
ភាគច្រើនទីតាំងទាំងនេះមិនមានច្បាប់អនុញ្ញាតនោះទេ និងសង់រំលោភលើដីមាត់ទន្លេ សុទ្ធតែសាងសង់របៀបជាក្យូស ជារោង ។ ជាជំហ៊ានដំបូងខាងអាជ្ញាធរ ទុករយៈពេលឲ្យ១០ថ្ងៃសម្រាប់រុះរើ ហើយនៅក្នុងរយៈពេលនេះគឺមិនឲ្យធ្វើអាជីវកម្មទេ បើសិនជាមានទីតាំងណានៅតែបន្តបើកដំណើរការលក់ដូរនៅលើទីតាំងក្យូសបណ្តែតនេះតទៅទៀត ខាងអាជ្ញាធរខណ្ឌនឹងចុះបិទទីតាំងនេះចោលតែម្តង៕













ដោយ៖ ជ្រោយពេជ្រ
...