បញ្ជូនខ្លួនបុរសម្នាក់ដែលយកកាំភ្លើងប្រើហ្គាសគំរាមជាងកាត់សក់ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក សេង ម៉េងស្រ៊ន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើបុរសម្នាក់ដែលបានស្រែកជេរឡូឡា និងយកកាំភ្លើងប្រើហ្គាស ទៅភ្ជង់គំរាមជាងកាត់សក់ក្នុងហាងយីហោ RHM ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសនោះមានឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរជាអាជីវករលក់ដូរ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ បុរសនោះត្រូវបានសមត្តកិច្ចនគរបាលឃាត់បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពស្រែកជេរឡូឡានិងយកកាំភ្លើងប្រើហ្គាសទៅគំរាមក្នុងហាងកាត់សក់យីហោ RHM ធ្វើឱ្យមានការភ្ញាក់ផ្អើល ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បុរសខាងលើបានទៅស្រែកជេរឡូឡា និងយកកាំភ្លើងប្រើហ្គាសគំរាមអ្នកដទៃ ដោយសារតែខឹងបុគ្គលិកនៅក្នុងហាងហាមឃាត់កុំឱ្យសើចឮពេកព្រោះរំខានដល់ភ្ញៀវមកកាត់សក់នៅទីនោះដែរ។ 

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃខែខាងលើបានបង្ហាញថា បុរសម្នាក់នោះស្លៀកខោខូវប៊យ ពាក់អាវយឺតពណ៌លឿង ជិះរថយន្តទំនើប១គ្រឿង ពាក់ស្លាកលេខការ៉េពីរ(២២២២)បានចូលទៅក្នុងហាងកាត់សក់យីហោ RHM រួចស្រែកជេរគេជេរឯង ។ មួយសន្ទុះក្រោយមកបុរសនោះបានដើរចេញទៅក្រៅទំនងចូលក្នុងរថយន្ត បានយកគ្រាប់កាំភ្លើងពិតមកបាចនៅក្នុងហាង បង្កឱ្យមានការភ័យខ្លាចដល់ជាងកាត់សក់និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយរង់ចាំកាត់សក់ ។ បន្ទាប់មកទៀតបុរសនោះបានដើរចេញទៅវិញ និងបានយកកាំភ្លើងខ្លីប្រើហ្គាសសៀតចង្កេះ សើយអាវឡើងលើដើម្បីគំរាមជាងកាត់សក់ទំនងចង់បញ្ជាក់ថាខ្លួនមានកាំភ្លើង ។

ក្នុងរូបភាពវីដេអូនោះទៀតបានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវនៅក្នុងហាង មានការភ័យខ្លាចយ៉ាងខ្លាំង រហូតអ្នកខ្លះលើកដៃសំពះអង្វរ សុំឱ្យបុរសនោះបញ្ឍប់សកម្មភាព ខណៈភ្ញៀវដទៃបានរត់ចេញពីហាងទាំងព្រលឹងចុងសក់គ្រប់ៗគ្នា ។ ទង្វើទាំងអស់នោះហើយដែលធ្វើឲ្យសមត្តកិច្ចឈានដល់ការឃាត់ខ្លួន និងកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print