បនល្បែងសុីសងហ្គេម កើតមានពេញបន្ទុក ក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា

ចែករំលែក៖

ភ្នំពេញ បនល្បែងសុីសងហ្គេម កើតមានពេញបន្ទុក នៅក្នុងផ្សារទំនើបស៊ីធីម៉ល ដ៏ល្បីល្បាញ ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហាក់គ្មានការបង្ក្រាប រឿងចុះធ្វើរដ្ឋបាលដោយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដើម្បីលុបបំបាត់បនល្បែងស៊ីសង ព្រោះអាចកើតមាន បទល្មើសក្នុងមូលដ្ឋាន។

គេបានរាយការណ៍មកថា,  នៅក្នុងផ្សារទំនើបស៊ីធីម៉ល កំពុងតែដំណើរបនល្បែងសុីសង តាមរយៈបង្កើតអោយមាន ល្បែងស៊ីសង ខុសច្បាប់ ប្រភេទ «ហ្គេមបាញ់ត្រី» យ៉ាងគឃ្លីន ដោយមិនទាន់មានអាជ្ញាធរនិង សមត្ថកិច្ចចាត់វិធានការបង្ក្រាបនៅឡើយ។ អ្វីដែលជាល្បិចរបស់អ្នករកស៊ី សមគំនិតគ្នាជាមួយនឹងសមត្ថកិច្ចនិងអាជ្ញាធរ គឺគេបង្កើត ជាទីតាំងហ្គេមបាញ់ត្រី នៅជាន់ទី៣ នៅក្នុងផ្សារទំនើបស៊ីធីម៉ល ដោយពីខាងក្រៅ គេរៀបចំ ជាកន្លែងសម្រាប់ក្មេងកំសាន្ត មានហ្គេមបាញ់ត្រី ហ្គេមតុក្កតា ឬឧបករណ៍ផ្សេងៗ សម្រាប់បម្រើឲ្យការសប្បាយរីករាយរបស់ក្មេងៗ ជ្រក់ក្រោមអាជ្ញាប័ណ្ណស្របច្បាប់។ ប៉ុន្តែអ្វីដែលចម្លែក នៅផ្នែកខាងក្នុង គឺគេរៀបចំជាប្រភេទតុល្បែងស៊ីសង កាស៊ីណូខ្នាតតូច ប្រមូលផ្ដុំដោយជនជាតិចិន ចូលលេងយ៉ាងប្រសេចប្រសាច ។ ដោយឡែក បើមានអ្នកចម្លែក ទាំងជនជាតិចិន ទាំងជនជាតិខ្មែរ គឺគេមិនអនុញ្ញាតឲ្យចូល ដោយសារគេបិទទ្វារម្ខាងបើកលេងល្បែងស៊ីសង និងផ្នែកម្ខាងទៀតធ្វើជាបន្ទប់ការិយាល័យធ្វើការ ។ 

ពាក់ព័ន្ធករណីនេះ លោក  អ៊ុន ភារិម្យ នាយប៉ុស្តិ៍នគរបាលរដ្នបាលវាលវង់ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោកបានប្រាប់សារព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទឲ្យដឹងថា, គាត់បានទទួលដំណឹងនេះ ពីខាងសារព័ត៌មាន ក៏បានចុះទៅលើផ្សារសុីធីម៉លថាមានល្បែងហ្គេមបាញ់ត្រីរួចលោកក៏បានរាយការណ៍ទៅដល់អធិការ និងក៏បានរាយការណ៍ទៅលោកអភិបាលខណ្ឌផងដែរ ។ លោកបន្តថា, ខ្ញុំក៏បានធ្វើការចុះទៅពិនិត្យមើលទៅដល់ទីតាំងខាងលើតែជាក់ស្តែងគឺអត់មានហ្គេមបាញ់ត្រីទេ។

សូមជម្រាបជូនថា, ការបកស្រាយរបស់នាយប៉ុស្តិ៍ វាលវង់ តើអាចទទួលយកបានទេ ! ឬមួយការនិយាយស្ថិតក្នុងកម្រិត 50 បូក 50% ? ពីព្រោះថា , សកម្មភាព រាល់ការលេង ត្រូវបានគេផ្តិតរូបភាពបាន។ ឬមួយក៏អត់មានហ្គេមបាញ់ត្រី , តែមានប្រភេទជាកាស៊ីណូនៅខាងក្នុង ? 

ប៉ុន្តែលោកនាយប៉ុស្តិ៍ បានបន្តប្រាប់ឲ្យដឹងថា , លោកបានធ្វើកិច្ចសន្យាបិទទីតាំងខាងលើមិនឲ្យមាននោះទេ។

លោក ថេត សុីថុន អធិការដ្នាននគរបាល ខណ្ឌ៧មករា តាមរយៈទូរសព្ទនៅរសៀលថ្ងៃនេះដែរ  លោកបានប្រាប់ឲ្យដឹងថា , លោកកំពុងតែជាប់រវល់។ ដូច្នេះមិនទាន់មានការបកស្រាយណាមួយពីសមត្ថកិច្ចមូលដ្ឋាននៅឡើយ ពិសេសលោកអធិការនគរបាលខណ្ឌ។ 

ចំពោះលោក ថេង សុីថុល អភិបាលនៃគណៈអភិបាលខណ្ឌ 7 មករា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មិនអាចធ្វើការទំនាក់ទំនងបានទេ ខណៈទូរសព្ទចូលគ្មានអ្នកទទួល ។ អាចលោកកំពុងជាប់មានភារកិច្ច ក្នុងការដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

សូមបញ្ជាក់ថា, មានទីតាំង ល្បែងហ្គេម តាម អនឡាញ កំពុងតែ ពង្វក់ កូន ក្មេងមិនទាន់គ្រប់ អាយុ មកលេង ហ្គេម ទាំងថ្ងៃទាំងយប់ យ៉ាង អនាធិបតេយ្យ នៅចំណុចទឹកដី សង្កាត់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។ សូមអាជ្ញាធរនិងសមត្ថកិច្ចមេត្តាជួយត្រួតពិនិត្យផង ដូចមាននៅក្នុងវីដេអូឃ្លីបនេះស្រាប់ ក៏មាននៅកន្លែងផ្សេង។ 

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុត អំពីបញ្ហា «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រហូតដល់ សម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មាន៧ចំណុច។ 

 

សូមបញ្ជាក់ថា, សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងកៀរគរឲ្យមានការចូលរួមគាំទ្រកាន់តែច្រើនថែមទៀត រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង និងសំណូមពរ ដូចខាងក្រោម៖

ទី១-បន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

ទី២-កសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបំផុសឲ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមជម្រាបថា លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖

ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបជូនថា, តាមមូលដ្ឋានបើអាជ្ញាធរ សមត្ថកិច្ច មិនមានវិធានការបង្ក្រាបបនល្បែងស៊ីសង នោះជាបញ្ហាមួយដ៏ធំ ត្រូវប្រឈម គឺផ្ដើមឲ្យមានបទល្មើសក្នុងសង្គម៕

...

ដោយ : ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print