ខេត្តបាត់ដំបង : យ៉ាងហោចណាស់ក៏មានពលរដ្ឋ១១គ្រួសារនៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបង ដែលបោកយកលុយជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាល ។ ខណៈអំពើប្រព្រឹត្តនេះ ជារឿងព្រហ្មទណ្ឌ ប៉ះពាល់ដល់ស្ថាប័ន នគរបាលជាតិ ហើយជាការបំពានច្បាប់ ក្នុងនាមខ្លួនជានាយនគរបាលជាតិ ចូលរួមលុបបំបាត់អំពើពុករលួយបែបនេះ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៉ឹម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៉ឹម សុខុន នេះបានបោកយកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលតំណាងឱ្យប្រជាពលរដ្ឋ១១គ្រួសារ បានធ្វើការរៀបរាប់ដូចខាងក្រោម៖
«កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យើងខ្ញុំទាំង១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញ យើងខ្ញុំទាំង១១នាក់ជួបប្រគល់ថវិកាទៅឱ្យលោកស្រីពិតប្រាកដមែន ដោយគាត់សន្យានឹងជួយរត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់នឹងប្រគល់ថវិកាជូនវិញគ្រប់ចំនួន ដោយគាត់អះអាងថា គេនឹងរើសចេញពីជួរយុវជនគណបក្សប្រជាជនកម្ពុជា។
ក្រោយពេល ដល់ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផលមិនបានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេចចិត្តសុំដកយកថវិកាមកវិញ តែរយ:ពេលមួយឆ្នាំហើយគាត់មិនព្រមឲ្យ យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាខេត្តបាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្តបានព្យាយាមដោះស្រាយចំនួន៣លើក តែមិនបានថវិកាមកវិញទើបយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ជូនយើងខ្ញុំឱ្យបានថវិកាគ្រប់ចំនួន៩៤,៧០០ដុល្លារអាមេរិកមកវិញផងតាមឈ្មោះនិងចំនួនថវិកាដូចតារាងជូនភ្ជាប់។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើសូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដោយសេចក្ដីអនុគ្រោះ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”មិនទាន់អាចសុំការបកស្រាយពីលោកស្រី ស៉ឹម សុខុន បាននៅឡើយទេ នៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ខណៈគ្មានទូរស័ព្ទទំនាក់ទំនង។ ប៉ុន្តែអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយគ្រប់ម៉ោងរដ្ឋបាល។
ពលរដ្ឋ១១គ្រួសារនៅស្រុកសំឡូត បានលើកឡើងថា យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាខេត្តបាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្តបានព្យាយាមដោះស្រាយចំនួន៣លើក តែមិនបានថវិកាមកវិញទើបយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ជូនយើងខ្ញុំឱ្យបានថវិកាគ្រប់ចំនួន៩៤៧០០ដុល្លារអាមេរិកមកវិញផងតាមឈ្មោះនិងចំនួនថវិកាដូចតារាងជួនភ្ជាប់។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី
ក្រសួងមហាផ្ទៃមេត្តាពិនិត្យនិងសម្រេចដោយសេចក្ដីអនុគ្រោះ ៕ ដោយ : សិលា