បុរសម្នាក់បេីករថយន្តទំនេីបម៉ាកMAZDA PICK UP​ បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្លើងស្តុបក្រសួងមហាផ្ទៃ​ បាក់អស់២កង់​ រីឯរថយន្តបង្កដាច់កាឡេនិងខូចខាតផ្នែកខាងមុខ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាកMAZDA PICK UP​ យ៉ាងលឿន​ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ​ បណ្ដាលឱ្យបាក់អស់២កង់​ រីឯរថយន្តបង្កដាច់កាឡេមុខម្ខាងរងការខូចខាតយ៉ាងដំណំ​  ។
​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកេីតឡេីងកាលពីវេលាម៉ោង១​ និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២៣​ នៅត្រង់ចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុនោះ​ គេឃើញរថយន្តម៉ាក​ MAZDA PICK UP មួយគ្រឿង​ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AT-8662 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២ផ្ទាំង​ ខណៈ១ផ្ទាំងខ្ទាតមកចិញ្ចេីមផ្លូវម្ខាងទៀត​ពិបាកដល់អ្នកដំណេីរតាមផ្លូវ​ ។ រីឯរថយន្តបង្កបានដាច់កាឡេកង់ម្ខាង​អូសជាច្រេីនម៉ែត្រទេីបឈប់ ដោយម្ចាស់រថយន្តបង្កបានបើកទ្វារចុះពីរថយន្តគេចខ្លួនបាត់​ស្រមោល ។
​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​និងបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print