ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងយ៉ាងលឿន និងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ដោយបង្កឡេីងកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ០៩ខែឧសភាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនោះ គេឃើញរថយន្តម៉ាក តូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BC-2114បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលខាងមុខរថយន្តយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតតិចតួច ។ ដោយឡែកម្ចាស់រថយន្តបង្កមិនរងរបួសនោះឡេីយ និងបានបើកទ្វារចុះពីរថយន្តគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ