ខេត្តស្វាយរៀង: លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣
បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅបណ្តាលឲ្យខូចខាតផ្ទះចំនួន ១៤ខ្នង(ធ្ងន់ធ្ងរ ១ខ្នង មធ្យម ៨ខ្នង តិចតួច ៥ខ្នងមាននៅឃុំដូង។
ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់ លោក សរវណ្ណា នាយកសាខា កាកបាទក្រហមខេត្ត លោកស៊ូម៉ុល ប្រធានកិតិ្តយស អនុសាខាកាកបាទក្រហមស្រុក លោកប្រធាន អនុសាខាកាកបាទក្រហមស្រុករមាសហែក លោកមេឃុំនិងអ្នកពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជម្រុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកស្រី ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារ បង្កបង្កើនផលនារដូវ វស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការ លាងសម្អាតដៃជាប្រចាំជាមួយសាប៊ូផងដែរ។
អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ក្នុង ១ គ្រួសារទទួលបាន៖អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ២០ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះមធ្យម ៨ខ្នង ទទួលបាន ធុងទឹកជ័រ ១ កៅស៊ូតង់ ១ ឆ្នាំងបាយ-សម្លរ ២ ថវិកា ១០ម៉ឺន រៀល សម្រាគ្រួសាររងគ្រោះតិចតួច ៥ខ្នង ទទួលបានថវិការ ៥ ម៉ឺនរៀលផងដែរ៕ដោយ៖ សុថាន