ចិនខិតខំស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន ខណៈអាមេរិកបន្ថែមជំនួយអាវុធធ្វើឱ្យសង្គ្រាមកាន់តែតានតឹង

ចែករំលែក៖

កាលពីថ្ងៃទី៩ខែឧសភា អាមេរិកបានប្រកាសកញ្ចប់ជំនួយយោធា មានទឹកប្រាក់រហូតដល់ទៅ ១,២ ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារ ទប់ទល់ជាមួយការវាយប្រហារតាមដែនអាកាសពីរុស្ស៊ី។

ក្នុងពេលជាមួយគ្នានេះ ចិនថានឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ទីក្រុងប៉េកាំងនឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងអាល្លឺម៉ង់ សំដៅស្វែងរកបទឈប់បាញ់។
បណ្ដាប្រទេសអឺរ៉ុបបានរិះគន់ចិនម្ដងហើយម្ដងទៀត ជុំវិញការបដិសេធថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី និងអំពាវនាវឱ្យរុស្ស៉ីដកកងទ័ពចេញអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងប៉េកាំង បានច្រានចោលការរិះគន់ទាំងនេះ។ ជាថ្មីម្ដងទៀត ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅឯសន្និសីទរួមគ្នាជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែរបុក (Annalena Baerbock) នាឱកាសបំពេញទស្សកិច្ចក្នុងទីក្រុងបែរឡាំង រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង បាននិយាយថា «ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានការទទួលខុសត្រូវដ៏សំខាន់មួយ ចិននឹងមិនឈរពីជ្រុងម្ខាងដើម្បីមើលភ្លើងឆេះនោះទេ ហើយក៏នឹងមិនចាក់សាំងបន្ថែមលើភ្លើងកំពុងឆេះនោះដែរ»។
លោក ឈិន បានបន្ថែមទៀតថា «ចិនមានឆន្ទៈរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងអាល្លឺម៉ង់ ដើម្បីស្វែងរកបទឈប់បាញ់»។
នៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នានោះ លោកស្រី បែរបុក ក៏បានបង្ហាញការស្វាគមន៍ផងដែរចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីពេលថ្មីៗនេះ។ ប៉ុន្តែក្នុងពេលដំណាលគ្នានេះ លោកស្រី យល់ថាទីក្រុងប៉េកាំងគួរតែបង្ហាញការគាំទ្រត្រង់ៗដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ : AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print