ប្រធានក្រុម Sergio Busquets បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិប Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីលេងឲ្យក្លិបរយៈពេល១៨ឆ្នាំ។ អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះបានលេង៧១៨ប្រកួតឱ្យ Barcelona ដែលជាការប្រកួតច្រើនជាងគេទី៣ក្នុងប្រវត្តិសាស្ត្រក្លិប។
បញ្ជីក្នុងតារាងកិត្តិយសរបស់គាត់ដែលបានឈ្នះជាមួយក្លិបរួមមាន ពានរង្វាន់ La Liga ចំនួន៨, Copa del Reys ចំនួន៧, Spanish Super Cup ចំនួន៧ និង Champions League ចំនួន៣។
កីឡាករ Busquets បាននិយាយថា “ទោះបីជាវាមិនមែនជាការសម្រេចចិត្តងាយស្រួលក៏ដោយ ខ្ញុំគិតថាពេលវេលាបានមកដល់ហើយ។ វា ជា ដំណើរ មិន អាច បំភ្លេច បាន ខ្ញុំតែងតែសុបិនចង់លេងជាមួយអាវនេះ និងនៅកីឡដ្ឋាននេះ។ ការពិតបានលើសពីសុបិនទាំងអស់របស់ខ្ញុំ។ វាជាកិត្តិយស ក្តីស្រមៃ ជាប្រភពនៃមោទនភាព ហើយវាមានន័យគ្រប់យ៉ាងដើម្បីការពារ និងតំណាងឱ្យផ្លាកសញ្ញានេះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែអ្វីៗទាំងអស់សុទ្ធតែមានការចាប់ផ្តើម និងបញ្ចប់។ ខ្ញុំចង់អរគុណមនុស្សទាំងអស់ដែលធ្វើអោយវាអាចទៅរួច តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ”។
Busquets បានចូលរួមជាមួយក្លិបកាលពីឆ្នាំ២០០៥ ក្នុងនាមជាកីឡាករយុវជន ដោយបានឈានទៅក្រុម B របស់ Barcelona មុនពេលបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Pep Guardiola ក្នុងការប្រកួតលីកឆ្នាំ២០០៨ទល់នឹងក្រុម Racing Santander ។
ខ្សែបម្រើការពារដែលធ្លាប់ឈ្នះពាន European Super Cup ៣ដង និង Club World Cup ៣ដងជាមួយក្លិបយក្សអេស្ប៉ាញរូបនេះ កំពុងតែឈានទៅដល់ការបញ្ចប់អាជីពនៅ Barcelona របស់គាត់ជាមួយនឹងពានរង្វាន់លីកទី៩។
ក្រុម របស់លោក Xavi មាន ១៣ ពិន្ទុ ដាច់ លើ កំពូល តារាង La Liga ខណៈ សល់ ៥ ប្រកួត ទៀតចប់រដូវកាល។ក្នុងរយៈពេល១៥ឆ្នាំរបស់គាត់ជាមួយក្រុមឈុតធំរបស់ក្លិប គាត់បានស៊ុតបញ្ចូលទី១៨គ្រាប់ និង Assists ៤០ដង។
ក្នុងការប្រកាសពីការសម្រេចចិត្តរបស់ Busquets ក្នុងការចាកចេញពី Nou Camp ក្រុម Barcelona បានពណ៌នាគាត់ថា ជា“កីឡាករល្អបំផុតម្នាក់ដែលមិនធ្លាប់ធ្វើជាតំណាងឱ្យក្លិប” ។
អតីតប្រធានក្រុមអេស្ប៉ាញរូបនេះបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែធ្នូ ដោយបានជួយក្រុមឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១០ និងជើងឯកអឺរ៉ុបឆ្នាំ២០១២ ជាមួយក្រុមជម្រើសជាតិរបស់គាត់ ៕ (រូបភាព ៖ BBC Sport)