ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ និងស្រុកថ្មគោល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏មករាយការណ៍ជូនសមត្ថកិច្ចចំនួន ០២ករណីផ្សេងគ្នា។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ករណីទី១ វេលាម៉ោង ១០និង៣០នាទី កម្លាំងប្រជាការពារឈ្មោះ ស្រិល ម៉ើ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ នៅនិងភ្លឺស្រែ ត្រង់ចំណុចបល្ល័ង្គជើង ភូមិសូភី ឃុំអន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។
-ករណីទី២ ស្ថិតនៅក្នុងចំណុចទួលវែង ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ប្រភេទ B40 ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕ ដោយ៖អរុណរះ