ខេត្តកំពង់ចាម÷ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាព លោក ខ្លូត ប្រធានក្រុមប្រឹក្សាខេត្ត,លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមមាន ប្រសាសន៍ណែនាំដល់មន្ត្រីទាំងអស់នៅក្នុងខេត្ត ត្រូវរួម គ្នាធ្វើការដោយភាពស្មោះត្រង់ ការលះបង់ និងការ អនុវត្តកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
លោកអភិបាលខេត្តថ្លែងបន្តថា រដ្ឋបាលខេត្តកំពង់ចាម ជាស្ថាប័នមួយមានតួនាទី គាំទ្រនិងជំរុញ ឲ្យកម្មវិធីរបស់រដ្ឋាភិបាល អនុវត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ ។ ដូច្នេះ សូមមន្ត្រីយើងគ្រប់រូបត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ប្រកប ដោយភាពស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មានរបៀបវារៈដូចខាងក្រោម ៖
*ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
*ទី២ ៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។