ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករ និងកីឡាការិនីគុនខ្មែរចំនួន០៦រូប ឈ្នះមេដាយមាស និងប្រាក់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ ចំពោះការប្រកួតវិញ្ញាសារគុនខ្មែរ ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស កីឡាស៊ីហ្គេម ២០២៣ នៅថ្ងៃនេះ ដោយសរុបទាំងមានចំនួន ៩គូ។ អ្វីដែលនេះជាមោទនភាពរបស់ប្រទេសកម្ពុជា គឺក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គឺមានកីឡាករ-កីឡាការិនីខ្មែរ ចូលរួមប្រកួតទាំង ៩គូតែម្ដង។
អបអរសារទ កីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន បានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករហ្វីលីពីន KRISTIAN SALATAN NARCA ដោយពិន្ទុ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
អបអរសារទ កីឡាការិនីគុនខ្មែរ មើយ ស៊ឹង ឈ្នះត្រឹមមេដាយប្រាក់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយចាញ់ពិន្ទុ កីឡាការិនីវៀតណាម លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥១គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។
អបអរសារទ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ដែលបានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករឡាវ ATTAXAY SIHABOUT លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។
អបអរសារទ កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយវាយឈ្នះពិន្ទុ កីឡាការិនីវៀតណាម NGUYEN THI CHIEU លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។
អបអរសារទរ កីឡាករគុនខ្មែរ ឃុន បូរ៉ា ឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយវាយកីឡាករឡាវ SOUBINH BANXADETH សន្លប់ទឹកទី១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៣.៥គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។
អបអរសារទរ កីឡាការិនីគុនខ្មែរ ទួន ស្រីភីន ដែលយកបានមេដាយប្រាក់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយវាយចាញ់ពិន្ទុកីឡាការិនីវៀតណាម BUI YEN LY ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។
សូមជម្រាបជូនថា ការប្រកួតវិញ្ញាសារគុនខ្មែរនេះ ក៏ទទួលបានការអញ្ជើញបំពាក់មេដាយជ័យលាភីដោយផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)៕ដោយ៖សហការី