ខេត្តបន្ទាយមានជ័យ៖ ករណីហិង្សាមួយបានកើតឡើងដោយសារបុរសជាប្ដីផឹកទឹកប្ដូរនិស័យចង់ប្រល័យប្រពន្ធឱ្យបាត់បង់ជីវិតត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១១យប់ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៣ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក បង្កដោយជនប្រមឹកជាប្តី ក្រោយពីផឹកស្រាស្រវឹងជោកជាំបានទៅរករឿងគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន ។
នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា៖ជនដៃដល់ជាប្តីឈ្មោះ ស្រី រំដួល អាយុ ៣៩ឆ្នាំ និងជនរងគ្រោះជាប្រពន្ធឈ្មោះ ឌុល តុលា អាយុ៣៥ឆ្នាំ គ្រួសារនេះរស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនបង្កឈ្មោះស្រី រំដួល មកពីផឹកស្រាស្រវឹងបានសុំម្ដាយក្មេកឈ្មោះ ឡាំ លៀន អាយុ៦៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាទៅធ្វើពលករនៅប្រទេសថៃ ពេលនោះម្ដាយក្មេកក៏តបថាទៅក៏ទៅៗតែគាត់គ្មានប្រាក់ឱ្យធ្វើសាហុ៊យទៅទេ ព្រោះគាត់ឈឺ។ បន្ទាប់មកជនបង្កក៏យកកាបូបដើរចេញទៅបាត់ បានមួយសន្ទុះស្រាប់តែឃើញដើរត្រឡប់មកវិញ ហើយសុំហូបបាយ និងសុំដេកសិន ចាំម៉ោង០៣ទៀបភ្លឺចាំក្រោកទៅ ។
នគរបាលបានបញ្ជាក់ថា៖ ពេលកំពុងតែដេក ជនបង្កនោះបានទៅខ្សឹបដាក់ត្រចៀកប្រពន្ធដែលកំពុងដេកនៅក្រោមផ្ទះថា បើមិនបានសម្លាប់នាងឯងឱ្យស្លាប់ទេ អញក៏មិនចុះចេញពីផ្ទះនេះដែរ។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាកើតឡើងហើយជនបង្កជាប្តីបានរត់ទៅយកដែកទីបជ្រុងវាយសំដៅទៅលើប្រពន្ធប្រហែលចំនួន០៥ដែកទីបត្រូវក្បាលបណ្ដាលឲ្យបែកហូរឈាមដេរអស់ចំនួន០៦ថ្នេរ។ ចំណែកជនរងគ្រោះដែលជាប្រពន្ធក៏ស្រវាចាប់បានពូថៅយកមកគ្រវាសការពារខ្លួនទៅវិញត្រូវប្តីចំនួន០២ពូថៅ គឺត្រូវចំក្បាលចំនួន០១ពូថៅបែកក្បាល និងត្រូវចំខ្នងចំនួន០១ពូថៅ ។ ជនបង្កឈ្មោះស្រី រំដួលនេះតែងតែផឹកស្រាស្រវឹងជាប្រចាំ(ជាមនុស្សញៀនស្រា) និងតែងតែធ្វើសកម្មភាពគំរាមសម្លាប់គ្រួសារដូចជា ឱពុកក្មេក ម្ដាយក្មេក ប្រពន្ធ និងកូន ហើយរូបគេថែមទាំងនិយាយថាបើមិនបានសម្លាប់អ្នកណាម្នាក់ក្នុងគ្រួសារនេះទេ រូបគេមិនចុះចេញពីផ្ទះនោះឡើយ ។ បច្ចុប្បន្នជនបង្កត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយវណ្ណា