ភ្នំពេញ៖ លោកស្រី គ្រីស្ទែល នីយ៉ាសម៍(MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់(បារាំង) Val de Mame បានលើកឡើងថា លោកស្រីគឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។
តាមរយៈលោកស្រី ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ជាមួយនឹងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជូនដល់រាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ ។
ការលើកឡើងរបស់លោកស្រីបានធ្វើឡើង នាល្ងាចថ្ងៃទី១៨ ខែឧសភានេះ ខណៈជួបសម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។
លោកស្រី គ្រីស្ទែល នីយ៉ាសម៍ (MS, KRISTELL NIASME) បានមានប្រសាសន៍លើកឡើងថា៖ ស្ថាប័ន SIAAP ជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ ចំពោះគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ។
លោកស្រីបញ្ជាក់ថា(SIAAP) ជាអង្គការមួយធ្វើប្រតិកម្មទឹកស្អាត ដោយអង្គការមានរោងចក្រ៦កន្លែង អង្គការជាដៃគូរបស់ទីក្រុងប៉ារីសក្នុងការកែប្រែគុណភាពទឹកឱ្យល្អប្រសើរ ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កុំឱ្យមានបញ្ហាទឹក ។
លោកស្រីពិតជារីករាយលើការចែកចំណេះដឹងដល់រាជធានីភ្នំពេញ ក្នុងបំណងចង់ឱ្យប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា មុនការរាតត្បាតជំងឺកូវីដ-១៩ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ជាទីក្រុងស៊ីវីល័យ ។ ជំងឺកូវីដ-១៩ មិនថានៅរាជធានីភ្នំពេញឬនៅទូទាំងប្រទេសនោះទេ គឺបានរីករាលដាលពាស ពេញប្រទេស តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យើងអាចទប់ស្កាត់បាន និងបានបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ តែដោយមានបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន វាក៏បានធ្វើឱ្យកម្ពុជាប៉ះពាល់សេដ្ឋកិច្ចផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងបានខិតខំប្រឹង ប្រែងប្រែក្លាយទីក្រុងមួយនេះជាទីក្រុងមានការអភិវឌ្ឍនិងស៊ីវីល័យ។
លោក ឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជាបានទទួលកិច្ចប្រជុំធំៗជាច្រើនទទួលបានជោគជ័យ ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ឧសភា ប្រទេសកម្ពុជាបានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោប្រកបដោយជោគជ័យ នេះជាមោទនភាពរបស់យើង ។
លោក ឃួង ស្រេង បន្តទៀតថា រាជធានីភ្នំពេញមិនអាចភ្លេចបានជាមួយទំនាក់ទំនង់សម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានា និងជាមួយបណ្តាញទីក្រុងទាំងឡាយនៃអាស៊ីអាគ្នេយ៍នៃAIMF ទីក្រុងប្រើប្រាស់ភាសាបារាំងបានឡើយ។ រាល់ជំនួយរបស់ទីក្រុងប្រើប្រាស់ភាសាបារាំងយើងនឹងយកទៅប្រើប្រាស់ឱ្យចំទិសដៅដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ៕ ដោយសំរិត