ភ្នំពេញ៖ បុរសជាជាងដែកម្នាក់បានជិះម៉ូតូចេញពីធ្វើការយ៉ាងលឿនដោយមិនប្រយ័ត្ន ស្របនឹងផ្លូវកោងផងក៏ចាប់ហ្វ្រ័ងបង្ខំបណ្តាលឱ្យដួលម៉ូតូហើយខ្ទាតមនុស្សចូលទៅក្រោមរថយន្តកុងតីន័រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឱ្យរន្ធត់បំផុត។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង ២០នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវ៣០ម៉ែត្រស្ថិតនៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។
សពជនរងគ្រោះមានឈ្មោះ រិន ចន្ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិជើងកូត ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញថាមេឃកំពុងតែធ្លាក់ភ្លៀង ហើយភ្លាមនោះដែរក៏មានបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1JE-7416តែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្របពេលផ្លូវកោងផង ក៏មានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 3C-3976 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រដូចគ្នាក្នុងទិសដៅពីលិចទៅកេីត លុះមកដល់កន្លែងកើតហេតុក៏បានបួងចង្កូតបត់ឆ្វេង ពេលនោះបុរសជាជនរងគ្រោះដែលជិះម៉ូតូបានអកហ្សឺចាប់ហ្រ្វ័ងដួលម៉ូតូខ្ទាតមនុស្សចូលទៅក្រោមកង់រថយន្តបណ្ដាលឱ្យរថយន្តកិនពីលើចំទ្រូងស្លាប់មួយភ្លាមរំពេចនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាយចរាចរណ៍ខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រកល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ