នៅថ្ងៃសៅរ៍សប្តាហ៍នេះ ភាគីជម្លោះនៅស៊ូដង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ថ្មី ដែលមានរយៈពេល៧ថ្ងៃ ខណៈដែលការប្រយុទ្ធគ្នាដែលបានធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពវឹកវរ និងធ្វើឱ្យមនុស្សសរុបជាង ១លាននាក់ព្រាត់ប្រាស់ពីផ្ទះសម្បែង បានឈានដល់សប្តាហ៍ទី៦ហើយ។
សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូ៊ឌីត ដែលជាអ្នកគាំទ្រដល់កិច្ចចរចារវាងភាគីជម្លោះស៊ូដង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា បទឈប់បាញ់នោះនឹងចូលជាធរមាននៅម៉ោង ៩៖៤៥នាទីយប់ថ្ងៃចន្ទសប្តាហ៍ក្រោយ (ពេលវេលានៅទីក្រុងខាទុំ)។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ស្របពេលដែលបទឈប់បាញ់ជាច្រើនកន្លងមកត្រូវបានបំពាន កិច្ចព្រមព្រៀងលើកនេះនឹងត្រូវអនុវត្តដោយយន្តការឃ្លាំមើល ដែលគាំទ្រដោយអាមេរិក-អារ៉ាប៊ីសាអ៊ូឌីតនិងអន្តរជាតិ។ ក្រៅពីផ្អាកការប្រយុទ្ធគ្នា កិច្ចព្រមព្រៀងខាងលើក៏អំពាវនាវឱ្យមានការចែកចាយជំនួយមនុស្សធម៌ ការស្តារសេវាសំខាន់ៗឡើងវិញ ហើយនិងការដកកងកម្លាំងចេញពីមន្ទីរពេទ្យ ក៏ដូចជាទីតាំងសម្រាប់បម្រើសេវាដល់សាធារណជនដែលចាំបាច់ដទៃៗទៀតផងដែរ។
ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ នឹងទាហានប៉ារ៉ា RSF បានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៥ ខែមេសា ហើយបានបង្ខំឱ្យមនុស្សជិត ១.១លាននាក់ ត្រូវផ្លាស់ទីលំនៅក្នុងប្រទេសផ្ទាល់ ព្រមទាំងរត់ភៀសខ្លួនចេញទៅកាន់ប្រទេសជិតខាង។ បើតាមអង្គការសុខភាពពិភពលោក មកទល់ពេលនេះ មនុស្សបហែលជា ៧០៥នាក់ បានបាត់បង់ជីវិត និងយ៉ាងហោច៥,២៨៧នាក់ បានរងរបួស ដោយសារតែជម្លោះនេះ៕ ដោយធីរីណា
រូបថត : Reuters