ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះសំណាក់ គឹមសួន ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យ១-ឈ្មោះ វ៉ា វណ្ណី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរនិងប្រើប្រាស់)។ ២-ឈ្មោះ រិន សិលា ហៅ សា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។ វត្ថុតាងចាប់បានរួមមាន ៖-ម្ស៉ៅក្រាមពណ៌សថ្លា(ទឹកកក) ចំនួន៤៥កូនថង់កិប ទម្ងន់៣២,០៦ក្រាម, -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤គ្រាប់ ទម្ងន់០,៧២ក្រាម, -ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ សៀមរាប 1K-6534, -ទូរស័ព្ទ ចំនួន០៣គ្រឿង, -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា មុនពេលបង្រ្កាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពត៌មានថា មានជនសង្ស័យកំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានពត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានរៀបចំផែនការញុះញង់ឱ្យជនសង្ស័យយកគ្រឿងញៀនមកលក់ ពេលជនសង្ស័យយកគ្រឿងញៀនមកឱ្យនៅមុខផ្ទះសំណាក់គឹមសួន ទើបកម្លាំងអាវុធហត្ថចាប់ជនសង្ស័យព្រមទាំងដកហូតគ្រឿងញៀនបានតែមម្ដង។ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងក្រុង បានបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានរបស់ជនសង្ស័យ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វីន សិលា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ដែលកំពុងស្នាក់បន្ទប់របស់ជនសង្ស័យព្រមទាំងដកហូតសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ (វ៉ា វណ្ណី) បានសារភាពថា រូបគេពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន០២លើកដែរ។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការ បន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕ដោយ៖ វណ្ណា