ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះថា៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ ដោយចាប់ខ្លួនបានស្ដ្រីជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀន៤ប្រភេទ សរុបទម្ងន់ប្រមាណ១៥០គីឡូក្រាម នៅភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបញ្ជាក់ទៀតថា៖ ក្នុងប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២០ ខែឧសភាម្សិលមិញនេះ ដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កម្លាំងនគរបាលជំនាញចាប់ខ្លួនបានជនសង្ស័យជាស្ដ្រី ចំនួន៣នាក់ ដកហូតបានថ្នាំញៀន៤ប្រភេទ សរុបទម្ងន់ប្រមាណ១៥០គីឡូគ្រាម និងរថយន្ដមួយគ្រឿង។
បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្ដបើកការស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនមេក្លោង និងបក្ខពួកដែលនៅសេសសល់ និងប្រឆាំងការសម្អាតប្រាក់។
សូមជម្រាបថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំង២៥រាជធានីខេត្តទូទាំប្រទេស ដូចភ្លៀងរលឹម ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនធំៗ៕ ដោយ៖សហការី