ភ្នំពេញ : សូមថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលផ្នែកមួយនៃ “កងទ័ពអាវស”
។ នេះជាប្រសាសន៍ របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើររាជរដ្ឋាភិបាលជូនសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ឧសភា ២០២៣។
លោក បណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលផ្នែកមួយនៃ “កងទ័ពអាវស” ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីសុខាភិបាលនៅទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះបានសស្រាក់សស្រាំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។ នេះគឺជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ និងជាមោទកភាពដ៏ធំធេងរបស់បងប្អូនក្នុងនាមជាគ្រូពេទ្យ ដែលប្រកាន់ខ្ជាប់ម៉ឺងម៉ាត់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងឆន្ទៈក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសក្នុងកាលៈទេសៈគ្រោះអាសន្នដែលជាតិ និងប្រជាជនត្រូវការ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, ថ្ងៃនេះកាលពីខែឧសភា ឆ្នាំ២០២១ គឺយើងកំពុងនៅក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវឥតស្រមោល ដែលបានរាតត្បាតយ៉ាងរហ័ស កាចសាហាវ និងសម្លាប់ប្រជាជនខ្មែររាប់រយនាក់ និងជាច្រើនលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែពេលនេះ អ្វីៗគឺផ្ទុយស្រឡះ ដោយយើងទាំងអស់គ្នាកំពុងអង្គុយជួបជុំប្រកបដោយស្នាមញញឹម និងភាពរីករាយ ព្រមជាមួយនឹងការបានទទួលនូវការបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើររាជរដ្ឋាភិបាល ដែលជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ គុណបំណាច់ ពលិកម្ម និងវីរភាព ដើម្បីអាយុជីវិតរបស់ប្រជាជនខ្មែរ និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច ដោយការយកជ័យជម្នះលើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា, ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏ត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានអន្តរជាតិផងដែរ ដូចដែលឆ្លុះបញ្ចាំងតាមរយៈចំណាត់ថ្នាក់ល្អបំផុតដែលផ្តល់ឱ្យកម្ពុជា ចំពោះភាពរហ័ស និងប្រសិទ្ធភាពនៃការដឹកនាំ ចាត់ចែង និងគ្រប់គ្រងការរាតត្បាត និងផលប៉ះពាល់ ជាពិសេសការសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺកូវីដ-១៩។ លទ្ធផលគួរជាទីមោទនៈនេះ បានកើតឡើងដោយសារមានយន្តការសំខាន់ចំនួន ៣ គឺ៖ ទី១. យន្តការថ្នាក់ជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដោយផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំង សម្រាប់សង្គ្រោះជីវិតប្រជាជនពីជំងឺកូវីដ-១៩។ ទី២. យន្តការសម្របសម្រួលកម្រិតគណៈកម្មការអន្តរក្រសួង និងរាជធានី-ខេត្ត ដែលផ្តល់ការគាំទ្រផ្នែកសម្ភារ បច្ចេកទេស និងថវិកា និងទី៣. ប្រតិបត្តិករផ្ទាល់ ដែលបានបំពេញការងារយ៉ាងសកម្ម ច្បាស់លាស់ និងប្រកបដោយការលះបង់ខ្ពស់បំផុត ជាពិសេសក្រុមគ្រូពេទ្យដែលត្រូវបានមហាជនប្រសិទ្ធនាមថាជា “កងទ័ពអាវស”។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា, សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩”។ ដូច្នេះ ការជួបជុំក្នុងថ្ងៃនេះ គឺដើម្បីអបអរសាទរស្នាដៃ និងការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ និងដើម្បីអបអរសាទររីករាយក្នុងការទទួលបាននូវការទទួលស្គាល់ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការផ្តល់នូវគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរនាពេលនេះ។
៥. ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត សង្ឃឹមជឿជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងបន្តបេសកកម្មការងារអាទិភាពឱ្យកាន់តែសកម្មបន្ថែមទៀត ដូចជា៖ ការបន្តបេសកកម្មចល័តចុះពិនិត្យ និងព្យាបាលជំងឺ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥, អង្គការ ឬមណ្ឌលកុមារកំព្រា, រោងចក្រ-សហគ្រាស, សាលារៀន, សហគមន៍ក្រីក្រ និងខ្នងផ្ទះប្រជាជននៅតាមមូលដ្ឋាន។ អាទិភាពការងារទាំងនេះ គឺជាការចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងឱ្យបានទៅដល់ប្រជាជនខ្មែរគ្រប់ៗរូប ៕
ដោយ : សិលា