សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា កងទ័ពអាកាសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធចំពោះសំណើពីសំណាក់ប្រទេសថៃស្តីពីការសុំទិញយន្តហោះចម្បាំង F-35 ដោយសារតែលក្ខខណ្ឌពាក់ព័ន្ធការហ្វឹកហាត់និងផ្នែកបច្ចេកទេស។
ថៃដែលត្រូវបានចាត់ថ្នាក់ជាសម្ព័ន្ធមិត្តសំខាន់មួយមិនមែននៅក្នុងអង្គការណាតូ (NATO) ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣ បានត្រៀមកញ្ចប់ថវិកាចំនួន ១៣.៨ពាន់លានបាត ឬស្មើនឹង៤០៧.៦៨លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ សម្រាប់យកទៅទិញយន្តហោះចម្បាំងថ្មីៗ មកជំនួសកងយន្តហោះចម្បាំងចាស់ៗ ដែលភាគច្រើនគឺជាយន្តហោះ F-5 ហើយនិង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។ ទីក្រុងបាងកក បានជ្រើសរើសយន្តហោះចម្បាំង F-35A ចំនួន៨គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ជាគោលដៅរបស់ខ្លួន។
គួរបញ្ជាក់ថា F-35 គឺជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមួយរបស់ពិភពលោក ហើយត្រូវបានចាត់ទុកជាផលិតផលពិសេសសម្រាប់នាំចេញតែទៅកាន់ក្រុមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកតែប៉ុណ្ណោះ ដែលនៅក្នុងតំបន់ប៉ាស៉ីហ្វិក គឺរួមមានអូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ បច្ចុប្បន្ន ប្រទេសថៃក៏មានយន្តហោះចម្បាំង JAS-39 Gripen ចំនួន១២គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុនស៊ុយអែត Saab ផងដែរ បន្ថែមពីលើម៉ូដែលយន្តហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិក ដែលភាគច្រើនក្នុងចំណោមនោះគឺបានស្ថិតក្រោមការធ្វើប្រតិបត្តិការរាប់ទសវត្សរ៍មកហើយ។ កងទ័ពអាកាសថៃបានបន្ថែមថា ខ្លួននឹងនៅតែបន្តស្វែងរកជម្រើសថ្មី ដើម្បីយកមកជំនួសយន្តហោះចម្បាំង F-16 ខណៈដែលសហរដ្ឋអាមេរិកបានស្នើជួយផ្តល់ការកែលម្អ F-15 និង F-16 របស់ថៃ ដែលអាចប្រព្រឹត្តទៅបានឆាប់រហ័សជាង៕ ដោយធីរីណា
រូបថត: TTXVN-VNA