ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែន ផ្ដល់អាវភ្លៀង មី និងថវិកាជូនសមាជិក មូលនិធិស៊ីក្លូនៅរាជធានី២៩៩ នាក់តាមរយៈមូលនិធិត្រីចក្រក្រយានកម្ពុជា ខណៈរដូវវស្សាមកដល់ ដើម្បីជួយ សម្រួលការលំបាករបស់ពួកគាត់ ដែលកំពុងប្រកបអាជីវកម្ម ធាក់ស៊ីក្លូ ។
ថវិកា និងសម្ភារៈទាំងនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយាន កម្ពុជា តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រក្រយានកម្ពុជាប្រគល់ជូនពួកគាត់ នារសៀលថ្ងៃអាទិត្យទី២៨ ឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោកម៉េត មាសភក្តី បានមានប្រសាស ន៍ឲ្យដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៩នាក់បានទទួល អាវភ្លៀង មី និង ថវិការ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់ ។អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន៥ម៉ឺនរៀលនិងមី១កេស ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺ កូវីដ- ១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ លោកបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀតផង ។
សូមបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ មករា ឆ្នាំ១៩៧៨ គឺមានរយៈពេល៤៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមបារាំងមកម្លេះ៕ សំរិត