រថយន្តដឹកសំរាមបើកឆ្លងផ្លូវបណ្ដាលឱ្យម៉ូតូមួយគ្រឿងបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល: រថយន្តដឹកសំរាមមួយគ្រឿងបើកឆ្លងផ្លូវដើម្បីទៅយកសំរាមក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកមកបុក បណ្ដាលឱ្យអ្នកបើកម៉ូតូខ្ទាតទៅបុកនឹងរបាំងសួនផ្លូវរងរបួសធ្ងន់។ ករណីនេះ បានកើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៧និង២២នាទី លើផ្លូវជាតិលេខ០៥ចន្លោះគីទ្បូម៉ែត្រលេខ៣៣-៣៤ នៅចំណុចភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេន
ម៉ូសលឹម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអំពាក២ ឃុំសេដាស្រុកតំបែរ ខេត្តត្បូងឃ្មុំ បើកម៉ូតូម៉ាកEXCITER GP ពណ៌ខៀវ ពុំមានពាក់ស្លាកលេខ ។ ចំណែកភាគីខាងរថយន្តម៉ាកHYUNDAI ពណ៌បៃតង ពុំមានពាក់ផ្លាកលេខ(រថយន្តដឹកសំរាម)។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់)។
ប្រភពដដែលបន្តថា នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ រថយន្តម៉ាកHYUNDAI (រថយន្តដឹកសំរាម)ខាងលើបានធ្វើដំណើរមានទិសដៅពីកើតទៅលិច(ភ្នំពេញ-ឧដុង្គ)។ លុះបើកមកដល់ចំណុចផ្លូវឆ្លងទល់មុខបន្ទាយកងរាជអាវុធហត្ថ រថយន្ដបានបត់ប្ដូរគន្លងផ្លូវដើម្បីទៅផ្លូវម្ខាងទៀត ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកEXCITER GP បានបុកចំកាងរថយន្តខាងក្រោយ រួចក៏ខ្ទាតទៅបុកនឹងរបាំងសួនផ្លូវ បណ្ដាលអោយដួលម៉ូតូរងរបួសធ្ងន់។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចវាស់វែង និងដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់ ។
សេចក្តីសន្និដ្ឋាន ករណីខាងលើនេះ បណ្តាលមកពីរថយន្តបើកបរមានការធ្វេសប្រហែសមុននឹងបត់ប្តូរគន្លងផ្លូវមិនមើលមុខមើលក្រោយអោយបានច្បាស់លាស់។ ចំណែកអ្នកបើកបរម៉ូតូមានល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខអោយបានច្បាស់លាស់ទើបបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕ ដោយស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print