ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យទាំង៨នាក់ ករណីប្លន់អ្នកលក់មាស នៅក្រោយផ្សារស្ទឹងមានជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។
ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។
សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង ,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ជាង១លានរៀល) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន០២គ្រឿង និង រ៉ឺម៉កម៉ូតូ០១គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន០៤ដើម ពីជនរងគ្រោះ កំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅបានសម្រេច រួចគេចខ្លួនបាត់អស់ ។
បន្ទាប់ពីធ្វេីការស្រាវជ្រាវ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម និងគ្រឿងអលង្ការមួយចំនួន របស់ជនរងគ្រោះ ។ ជនសង្ស័យទី១-ឈ្មោះ សុខ សំណាង ហៅអាង ហៅ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ទី២-ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅផល ធារ៉ា ហៅ ផេង ហៅហ្វី ហៅ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ទី៤-ឈ្មោះ ចាន់ តាក់ ហៅជា ហៅ៦៨ ភេទប្រុស អាយុ៣១ឆ្នាំ ទី៥-ឈ្មោះ សួង សាន ហៅតាន់ ហៅម៉ៅ ហៅ៣៣ អាយុ៥៣ឆ្នាំ ទី៦-ឈ្មោះ ម៉ៅ មន អាយុ៣៥ឆ្នាំ ទី៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅសុង អាយុ៤៦ឆ្នាំ និងទី៨-ឈ្មោះ កាយ គឹមលីន ហៅ លីន អាយុ ៣៩ឆ្នាំ ។ វត្ថុតាងចាប់យកអាវុធខ្លី៤ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ៕ ដោយ រ៉ារ៉ា