ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

ចែករំលែក៖

ភ្នំពេញ : ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។

ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ ដូចដែលយើងបានដឹងកន្លងមកហើយថាអ្នកជំងឺទឹកនោមផ្អែម ពួកគាត់អាចមានកាយសម្បទាថយចុះហេតុនេះហើយ មេរោគរបេងងាយនឹងជ្រៀតចូលក្នុងខ្លួនរបស់ពួកគាត់។ បើប្រៀបធៀបទៅនឹងអ្នកដែលមិនកើតជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺទឹកនោមផ្អែម អត្រាដែលអាចកើតមានជំងឺរបេងគឺ មានច្រើនជាង២ទៅ៣ដង ជាពិសេសគឺក្រុមអ្នកជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល និងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀតបើយើងប្រៀបធៀបអត្រាមរណៈនៃអ្នកដែលកើតរបេង និងមានទឹកនោមផ្អែមគឺខ្ពស់ជាង ៤ទៅ៥ដង ធៀបជាមួយអ្នកដែលកើតរបេងហើយគ្មានទឹកនោមផ្អែម។

ហេតុដូចនេះសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមគឺមានសារៈសំខាន់ណាស់ដែលត្រូវស្វែងយល់ដឹង និងបង្ការុករកជំងឺរបេង។

ក) តើនៅពេលណាអ្នកជំងឺទឹកនោមផ្អែមសង្ស័យថាខ្លួនគាត់អាចមានជំងឺរបេង?
នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមមានលេចចេញជារោគសញ្ញាដូចជា៖
– អស់កំលាំង ល្ហិតល្ហៃ ទទួលទានមិនបាន
– ក្អកមានស្លេះលើសពី ៣ខែ
– មានអារម្មណ៍ក្តៅខ្លួនស្ទិញៗជាពិសេសក្តៅខ្លួននៅពេលរសៀល
– ស្រកទម្ងន់ដោយឥតមូលហេតុ

ខ) ការព្យាបាល៖
ការព្យាបាលជំងឺរបេងដែលកើតនៅលើអ្នកជំងឺទឹកនោមផ្អែមទាមទារឲ្យមានការចូលសហការគ្នា រវាងគ្រូពេទ្យជំនាញច្រើនផ្នែកដូចជា គ្រូពេទ្យឯកទេសខាងផ្នែកជំងឺឆ្លង គ្រូពេទ្យឯកទេសខាងផ្នែកជំងឺសួត និងគ្រូពេទ្យឯកទេសខាងផ្នែកទឹកនោមផ្អែមជាដើម ។ល។

មន្ទីរពេទ្យកាល់ម៉ែត មានគ្រប់ជំនាញឯកទេសដែលអាចឲ្យលោកអ្នកមកធ្វើការប្រឹក្សាបាន ជាងនេះទៅទៀតយើងមានឧបករណ៍ និងសម្ភារៈទំនើបៗ សម្រាប់ពិនិត្យកំហាកដូចជា ការពិនិត្យដោយផ្ទាល់នៅលើកំហាក ការបណ្តុះរកមេរោគរបេងនៅក្នុងកំហាក និងការពិនិត្យតាមរបៀប Gene Xpert។ រីឯផ្នែករូបភាពវេជ្ជសាស្ត្រ យើងមានផងដែរនូវការថតសួតដោយកាំរស្មីអ៊ិច ក៏ដូចជាម៉ាស៊ីនស៊ីធីស្កែនសម្រាប់ថតសួត ហើយលើសពីនេះទៅទៀត យើងមានឧបករណ៍សម្រាប់ឆ្លុះទងសួតដែលអាចជួយសម្រួលក្រុមគ្រួពេទ្យក្នុងការបូមយកស្លេះ មកពិនិត្យក្នុងករណីដែលអ្នកជំងឺមិនអាចខាកស្លេះចេញបាន។

«លោក លោកស្រីដែលមានជំងឺទឹកនោមផ្អែមនិងមានអាការៈដូចបានរៀបរាប់ខាងលើ គួរគប្បីមកប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវិភាគ រករោគវិនិច្ឆ័យជំងឺរបេង ឲ្យបានទាន់ពេលវេលា»៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print