ខេត្តស្ទឹងត្រែង៖កំពូលមហារចោរមួយរូបលួចគោក្របីដឹកទៅសម្លាប់វះយកសាច់ អស់លក្ខណ៍ត្រូវគេក្របួចជាប់ខណៈដែលកំពុងតែជិះម៉ូតូដឹកសាច់ភ្លៅយកទៅលក់។ការឃាត់ខ្លួនចោរលួចគោរបស់អ្នកភូមិនោះបានធ្វើឡើងនៅវេលាម៉ោង១៦.៤៥នាទីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣ក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការស្រុកសេសានបានឲ្យដឹងនារសៀលថ្ងៃទី៤មិថុនានេះថា នៅវេលាម៉ោង១៥ ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានរាយការណ៍ប្តឹងទៅនគរបាលស្រុកសេសាន ករណីបាត់គោ ហើយប្រទះឃើញសត្វគោត្រូវគេសម្លាប់វះយកសាច់។
ភ្លាមៗនោះនៅវេលាម៉ោង១៦.៤៥នាទីកម្លាំងប៉ុស្ដិ៍នគរបាលនគរបាលឃុំកំភុន សហការជាមួយប្រជាការពារ ក្រោមការដឹកបញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានធ្វើការឃាត់ជនសង្ស័យភ្លាមៗដែរ។
ជនសង្ស័យឃាត់ខ្លួននោះឈ្មោះ ឡុង ហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុក
កំណើតភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
មកស្នាក់នៅ បច្ចុប្បន្ន៍ភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ហើយបានលួចវះផ្នែកភ្លៅគោចំនួន៣ភ្លៅដឹកតាមម៉ូតូសំដៅចេញទៅលក់នៅអូរពងមាន់ ។
លោកអធិការបន្តថាមុខសញ្ញានេះកម្លាំងយើងតាមដាន និងឃ្លាំមើលយូរមកហើយក្រោយការចាប់ខ្លួនកម្លាំងនគរបាលបាន ចាប់យកវត្ថុតាងរួម៖
មាន សាច់គោ៣ភ្លៅ ម៉ូតូស្មាស់១គ្រឿងគ្មានស្លាកលេខគ្មានអាវ កាំបិតស្នៀត ១ដើមដងជ័រពណ៌ស ស្រោមពណ៌ខៀវ កាំបិតហាន់បន្លែ១ដើមដងជ័រពណ៌ខ្មៅ ពូថៅ១ដងឈើដើម ខ្សែចងគោពណ៌ស៣ខ្សែ ការ៉ុង៣ ថង់ប្លាស្ទិចធំ១។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចវះយកសាច់គោរបស់គេពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕
ដោយ ជីវ័ន្ត