ភ្នំពេញ៖ អនុវត្តតាមសេចក្ដីណែនាំលេខ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃការ បោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធាន ការិយាល័យប្រជាពល រដ្ឋរាជធានី ខេត្ត ដើម្បីងាយស្រួពលរដ្ឋលោកមកទំនាក់ទំនង ការងារ រដ្ឋបាល ផ្សេងៗ របស់ពួកគាត់. នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើពិធីបោះឆ្នោត ជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
បេក្ខជនឈរឈ្មោះជាប្រធាន មានចំនួន៣រូប ក្នុងនោះមាន៖ ១ លោក សំ សេដ្ឋា ២ លោក ឡុង រស្មី ៣ លោក ហ៊ី សុខនី ។ចំណែក បេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន៣រូបផងដែរ ក្នុងរួមមាន៖ ១ លោកស្រី ឈុន ដាលីន ២ លោកហេង ម៉េងលី៣ លោក ថេង បញ្ញាវុធ ។
ក្រោយការបោះឆ្នោត លោក សំ សេដ្ឋា បានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ និងលោកស្រី ឈុន ដាលីន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ។
ក្រោយការបោះឆ្នោតនិងប្រកាសលទ្ធផលខាងលើ លោកម៉ប់ សារិន បានណែនាំអោយក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីអោយមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់។
យោងតាមសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត បានកំណត់ថា៖ ការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ត្រូវធ្វើឡើងដាច់ដោយឡែកពីការ បោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ប៉ុន្តែអាចធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយគ្នាបាន ឬក៏កិច្ចប្រជុំដាច់ដោយឡែកពីគ្នា។ ការបោះឆ្នោតត្រូវធ្វើឡើងជាសម្ងាត់។
សមាជិកគណៈកម្មាធិការបោះឆ្នោតត្រូវទៅកាន់បន្ទប់បោះឆ្នោត ដើម្បីគូសសន្លឹកឆ្នោត ហើយសមាជិក ម្នាក់ៗមានសិទ្ធិគូសសញ្ញា(✔️) នៅលើសន្លឹកឆ្នោតត្រង់កូឡោន «បោះឆ្នោតគាំទ្រ» នៅជួរបន្ទាត់នៃ ឈ្មោះបេក្ខជន ដើម្បីជ្រើសរើសបេក្ខជនតែមួយប៉ុណ្ណោះដែលខ្លួនពេញចិត្ត៕ ដោយ៖សំរិត