ភ្នំពេញ : ប្រសិនបើ យុវតីមួយចំនួនតូច ខ្ជីខ្ជាក្នុងការសិក្សា មិនបានប្រតិបត្តិ តាមការណែនាំរបស់ឪពុកម្ដាយ អាណាព្យាបាល រាល់ការផ្ដល់ដំបូន្មាន នោះទេ ! ពួកគាត់ងាយនឹងរងគ្រោះដោយសារបរិយាកាសសង្គមអូសទាញ ខណៈសេពគប់ជាមួយមិត្តភ័ក្តិដែលមិនល្អ ចូលចិត្តគេចសាលា ដើរលេង នេះជាដើម។
តាមរយៈវីដេអូឃ្លីប មានរយៈពេល 24 វិនាទី ដែលត្រូវបានគេបង្ហោះ ពីសកម្មភាពយុវតីម្នាក់ មានចិត្តឆេវឆាវ ប្រើហឹង្សា ទាំងបទល្មើសព្រហ្មទណ្ឌ ទៅលើដៃគូរបស់ខ្លួន (មិត្តភក្តិ) ដោយកំហឹង កើតចេញអំពីភ្លើងប្រច័ណ្ឌ ទើបគេបានប្រព្រឹត្តបទល្មើស រួចវ៉ៃ ជេរ ស្តីបន្ទោស ទៅលើមិត្តរបស់គេ ថាដណ្ដើមសង្សារ បានជាខ្លួនមកវ៉ៃបែបនេះ។
សូមបញ្ជាក់ថា, ម្ចាស់គណនី facebook មួយដែលឈ្មោះថា ( Heng LiNa ) បានបង្ហោះវីដេអូឃ្លីបនេះ រួចសរសេរយ៉ាងដូច្នេះថា : មុខមាត់ម៉ែឪណាស់ អោយលុយទៅរៀនបែរជាទៅកាងប្រុស ខ្លាចបាត់បង់ប្រុសណាស់កូនស្រី ត្រូវចាំថាបើ ចរិក និង មាយាទ យើងល្អ ប្រុសវាមិនទៅណាចោលយើងទេ។
សូមជម្រាបជូនផងដែរថា , ធម្មតាជីវិតមនុស្ស ដែលរស់នៅលើលោកសន្និវាសយើងនេះ គ្មាននរណាម្នាក់ បេះដូងដែក គ្មានមនោសញ្ចេតនា ស្នេហានោះឡើយ ។ ប៉ុន្តែគួរណាស់តែ បែងចែកស្នេហាអោយដាច់ រវាងស្នេហាឪពុកម្ដាយ បងប្អូន សាច់ញាតិ មិត្តភក្តិ ។ល។ ជាស្នេហា នៃសត្យានុម័តធម្មជាតិ ដែលត្រូវតែកើតមានក្នុងសង្គមជារឿងធម្មតានៃសីលធម៌របស់មនុស្សម្នាក់ៗ។ ប៉ុន្តែចំពោះការភ្លើតភ្លើនស្នេហា ពូនផ្ដុំដោយក្រុមយុវជនយុវតី វ័យក្មេង កំពុងស្ថិតក្នុងការសិក្សា ជាអំពើមួយ មិនគម្បីទេ ព្រោះថា, អាចនឹងដើរផ្លូវខុស ខណៈពួកគេនៅក្មេងសេចក្តី ក្នុងការគិតពិចារណា ឲ្យបានវែងឆ្ងាយសម្រាប់វាសនាអនាគតសុភមង្គល ។
ពិតណាស់ថា ! ស្នេហាគឺពិតណាស់ជាការស្រលាញ់ ដោយប៉ងប្រាថ្នា មិនមែនស្រលាញ់ហើយមិនប៉ងប្រាថ្នានោះទេ មានន័យថាចង់បាននូវអ្វី ឬ អ្នកណាដែលខ្លួនស្រលាញ់។ មនុស្សដែលខ្លួនស្រលាញ់ ខ្លួនឯងគិតថាស្អាត ល្អលើសគេ៖
ត្រង់ហ្នឹងគួរដឹងថា បវរកញ្ញា បវរបុរស ឬប្រុសស្រីនានា ដែលស្អាតល្បីនាមពេញពិភពលោក នេះក្ដីក៏មិនអាចធៀបបានឡើយនឹងអ្វី ឬនរណាដែលខ្លួនស្រលាញ់ស្អិតជាប់បេះដូងនោះ ឡើយ។ ប៉ុន្តែស្នេហាមិនបានន័យថា ត្រូវតែបានទទួលការស្រលាញ់តបវិញនោះទេ។ ចឹង ហើយ ស្នេហាមានន័យសំខាន់ចំពោះអ្នកស្រលាញ់ ជាងអ្នកដែលត្រូវបានស្រលាញ់។ ប៉ុន្តែគួរ អោយអនិច្ចារដែលស្នេហាភាគច្រើនតែងមានវិបត្តិព្រោះថាស្នេហា ដែលពិតជាត្រូវការមនុស្ស ពីរនាក់ស្រលាញ់គ្នាទៅមក បង្កភាពស្មុគស្មាញដោយសង្គម ព្រោះស្នេហាមិនប្រាកដថា នឹង បានទទួលនូវការស្រលាញ់តបវិញនោះទេ។ ត្រង់ហ្នឹងហើយ ដែលចេះតែមានការកើតសេចក្ដី សោកសៅ ហ្មងសៅនៅក្នុងរឿងស្នេហា ជាពិសេសស្នេហាយុវវ័យដែលតែងខកចិត្តនិង បន្សល់នូវទឹកភ្នែក ហើយបណ្ដាលអោយកវី អ្នកនិពន្ធចំរៀងតែងរឿងរ៉ាវស្នេហាមិនចេះជិន ណាយពីជំនាន់មួយទៅជំនាន់មួយ។ ទោះជាស្នេហាមិនបានទទួលនូវការស្រលាញ់តបវិញ ក៏ដោយ ប៉ុន្តែអ្នកស្រលាញ់នៅតែស្រលាញ់ ពីព្រោះស្នេហាផ្ដើមដោយអ្នក ស្រលាញ់មិន មែនដោយអ្នកដែលត្រូវបានគេស្រលាញ់នោះទេ។ ដូច្នេះហើយបានជាមនុស្សទូទៅចូល ចិត្តស្រលាញ់គេជាជាងត្រូវបានគេស្រលាញ់។
ស្នេហា?
តើអ្នកដឹងទេថា«ស្នេហា»មានឥទ្ធិពលយ៉ាងណា???
«ស្នេហា» ធ្វើអោយអ្នកអាចហោះហើរបានដោយគ្មានស្លាប ហើយក៏អាចអោយអ្នកធ្លាក់មកវិញបាន
«ស្នេហា» ធ្វើអោយបេះដូងអ្នកមានរបួស តែក៏អាចធ្វើអោយរបួសនោះជាវិញដែរ
«ស្នេហា» ធ្វើអោយអ្នកញញឹម តែក៏ធ្វើអោយអ្នកយំបានដែរ
«ស្នេហា» ធ្វើអោយអ្នកចេះអត់អោននិងលើកលែងចំពោះកំហុសរបស់គ្នា តែក៏អាចធ្វើអោយអ្នកសងសឹកអ្នកដែលធ្វើបាបបេះដូងអ្នកដែរ
«ស្នេហា» ធ្វើអោយអ្នកស្អប់វានិងខ្លាចរអាវា តែក៏អាចធ្វើអោយអ្នកប្រាថ្នាចង់បានវាម្ដងទៀតដោយមិនរាងចាលដែរ
«ស្នេហា» ធ្វើអោយបេះដូងអ្នករលាយដូចអំបិលត្រូវទឹក តែក៏អាចធ្វើអោយបេះដូងមួយនេះរឹងដូចថ្មដាដែរ
ទាំងអស់នេះហើយដែលហៅថា«ស្នេហា» ….។
ពាក្យកំប្លែងមួយគេលើកមកនិយាយលេង តែជាពាក្យត្រូវម្យ៉ាងដែរ…ស្នេហាជាអ្វី?
ផ្នែកប្រវត្តិវិទ្យា៖ ស្នេហាជាការធ្វើបដិវត្តិរំដោះរបបនៅលីវ
ផ្នែកភូមិវិទ្យា៖ ស្នេហាជាបាតុភូតរញ្ជួយនៅក្នុងចិត្ត និងបេះដូង ក្តៅជាងភ្នំភ្លើង
ផ្នែករូបវិទ្យា៖ ស្នេហាជាកំលាំងចលករបឺតស្រូប ខ្លាំងជាងទំនាញផែនដី
ផ្នែកអក្សរសាស្រ្ត៖ ស្នេហាជាសៀវភៅ១ក្បាលដែលអានតាំងពីទំព័រដើម រហូតដល់ទំព័រចុងក្រោយហើយនៅតែមិនយល់
ផ្នែកគណិតវិទ្យា៖ ស្នេហាជា វិធីបូក វិធីដក វិធីគុណ វិធីចែក ធ្វើយ៉ាងណាឲ្យចាយលុយតិចបំផុតតែទទួលបានបេះដូង និងខ្លួនប្រាណ
ផ្នែកគីមី៖ស្នេហាជាប្រតិកម្មបង្កើតបានជាពោះធំ។
សូមបញ្ជាក់ថា : យុវជន យុវតី ជាក្តី ស្រឡាញ់របស់ឪពុកម្ដាយ អាណាព្យាបាល ពួកគាត់ពិតជាបានប្រឹងប្រែង ជួយទំនប់បម្រុង ផ្ដល់ដំបូន្មាន ប្រៀននប្រដៅ ឱ្យខិតខំសង្វាត រៀនសូត្រ មានចំណេះដឹង មានការគិតពិចារណាខ្ពស់ ស្គាល់ពីសង្គមល្អ អាក្រក់ ដើម្បីធ្វើឲ្យជីវិតខ្លួនឯង មានអនាគតល្អ ចេះសម្រេចចិត្ត ដោយការពិចារណា ថ្លឹងថ្លែង ប៉ុន្តែបើយុវជន យុវតី ដែលជាសសរទ្រូងនៃប្រទេសជាតិ ក្លាយទៅជាទំពាំងស្អុយ គឺត្រូវ បាត់បង់អនាគតដ៏ល្អរបស់ពួកគេ។ ដូច្នេះគួរជៀសឲ្យឆ្ងាយ ពីអំពើណាមិនគប្បី ដើម្បីសេចក្តីថ្លៃថ្នូរដល់គ្រួសារ និងអនាគតខ្លួនឯង ៕